ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង អះអាងថា៖ ករណីឆ្លងជំងឺ COVID-19 នៅប្រទេសខ្លួនទាំងមូល កំពុងផ្ទុះឡើងជាលើកទី២

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានដកស្រង់ចេញផ្សាយពីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោក ប្រ៊ុយណូ ឡឺ មែរ (Bruno Le Maire) រដ្ឋមន្ត្រីមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានបង្ហោះសារនៅលើគណនីខ្លួនថា៖ លោកបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ប៉ុន្តែស្ថិតនៅក្នុងកម្រិតស្រាលប៉ុណ្ណោះ។

បើតាមការបង្ហោះសារលើ Twitter របស់លោករដ្ឋមន្ត្រី Le Maire បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានធ្វើតេស្តវិជ្ជមាន COVID-19 នៅយប់នេះ (យប់ថ្ងៃសុក្រ)។ ខ្ញុំបានប្រញាប់ប្រញាល់ ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់ខ្ញុំ ដោយអនុលោមតាមបទបញ្ជាផ្នែកសុខាភិបាល។ ខ្ញុំមិនមានចេញរោគសញ្ញាអ្វីឡើយ។ ខ្ញុំនឹងបន្តទទួលការតាមដានអការៈរោគសម្រាប់រយៈពេល ០៧ថ្ងៃ និងបន្តបំពេញកាតព្វកិច្ចរបស់ខ្ញុំដដែល»។

សូមជម្រាបថា ជាក់ស្តែងកាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសបារាំងបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅជាង ១៣,០០០នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីវីរុសកូរ៉ូណា ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអឺរ៉ុបមួយនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នករណីឆ្លង COVID-19 សរុបនៅបារាំងមានជាង ៤២៨,៦០០ករណី ក្នុងនោះមនុស្សសរុបជាង ៣១,២០០នាក់បានស្លាប់។ បារាំង និងប្រទេសអឺរ៉ុបមួយចំនួនទៀតជាពិសេសអង់គ្លេស សុទ្ធតែកំពុងមើលឃើញសន្ទុះកើនឡើងវិញយ៉ាងគំហុក នៃករណីឆ្លងជំងឺរាតត្បាតសកលនេះ៕ដោយ៖ស តារា


ចែករំលែក៖