ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ អះអាងថា៖ បើពិភពលោកមិនចង់ជាប់ទណ្ឌកម្មនៅថ្ងៃខាងមុខទេ គួរតែងើបឡើងប្រឆាំងនឹងទណ្ឌកម្មអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលរដ្ឋាភិបាលអ៉ីរ៉ង់ កំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មជាថ្មី ពីសំណាក់សហរដ្ឋអាមេរិក ពេលនេះលោកMohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បានថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា៖ សហគមន៍អន្តរជាតិ គួរតែងើបឡើងប្រឆាំងនឹងការប្រើប្រាស់ការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ជាមធ្យោបាយសម្លុតធ្វើបាបអ្នកដទៃឬក៏ចង់ប្រឈមមុខនឹងទណ្ឌកម្មដោយខ្លួនឯង នៅថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ខែកញ្ញា ឆ្នាំ២០២០។

លោកប្រមុខការទូតអ៉ីរ៉ងរូបនេះ បានលើកឡើងនៅក្នុងសុន្ទរកថាតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពសម្លុតធ្វើបាបអ្នកដទៃតាមរយៈការដាក់ទណ្ឌកម្មដូច្នេះសហគមន៍អន្តជាតិគួរតែសម្រេចចិត្តថាតើត្រូវដោះស្រាយនឹងការសម្លុតធ្វើបាបនេះដោយរបៀបណា បើពុំដូច្នោះទេ ប្រទេសដទៃទៀត ក៏អាចនឹងត្រូវជាប់ទណ្ឌកម្មអាមេរិកដូចគ្នា នៅថ្ងៃខាងមុខ»

ជាមួយគ្នានោះដែរ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្ម UN ទាំងអស់លើអ៉ីរ៉ង់ឡើងវិញ ខណៈដែលក្រុមមន្ត្រីអាមេរិកក៏បានអះអាងដែរថា លោក ត្រាំ មានផែនការចេញបទបញ្ជាប្រតិបត្តិមួយដែលនឹងអនុញ្ញាតឱ្យលោកដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណាដែលបំពានលើ ទណ្ឌកម្មអាវុធប្រឆាំងនឹងទីក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា ទណ្ឌកម្មអាវុធប្រឆាំងអ៉ីរ៉ង់ នឹងត្រូវអស់សុពលភាពនៅខែតុលាខាងមុខនេះ ហើយសហរដ្ឋអាមេរិក បានបរាជ័យរួចហើយដែរក្នុងការបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តសុពលភាពលើទណ្ឌកម្មនេះ៕ដោយ៖ស តារា


ចែករំលែក៖