ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជូនទាហាន​៨ម៉ឺននាក់និងអាវុធទំនើបៗជាច្រើនធ្វើសមយុទ្ធ

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីជាង​៨ម៉ឺននាក់ និងសម្ភារសឹកទំនើបៗជាច្រើនបានចូលរួមធ្វើសមយុទ្ធដែលមានឈ្មោះថា Caucasus 2020 (Kavkaz 2020)។ សកម្មភាពធ្វើសមយុទ្ធខាងលើ កើតឡើងក្នុងពេលអង្គការណាតូធ្វើសកម្មភាពយោធានៅតាមបណ្តោយព្រំដែនជាប់រុស្ស៊ី​។
សារព័ត៌មានTASS របស់រុស្ស៊ីបានផ្សាយថា ការធ្វើសមយុទ្ធ Caucasus 2020 បានធ្វើឡើងចាប់ពីថ្ងៃទី​២១ខែកញ្ញា ដល់ថ្ងៃទី​២៦ខែកញ្ញាឆ្នាំ​២០២០ ។ សមយុទ្ធធ្វើឡើងនៅទីតាំង​តំបន់ភាគត្បូង​ រុស្ស៊ី និងនៅតំបន់សមុទ្រខ្មៅ​ និងដែនសមុទ្រ Caspi។
នៅក្នុងសមយុទ្ធនោះ មានទាហាន​៨ម៉ឺននាក់ចូលរួម​​ ក្នុងនោះមានទាហានមកពីបណ្តាប្រទេសជាសម្ពន្ធមិត្ត​ ដូចជា Armenia, Belarus, ចិន, Myanmar និង Pakistan ។ ជាមួយគ្នានោះក៏មាន ក្រុមអ្នកសង្កេតការណ៍​មកពីប្រទេសជាច្រើន​ផងដែរ។
ក្រសួងការពារជាតិ​រុស្ស៊ីបានបញ្ជាក់ថា « យន្តហោះចម្បាំងរុស្ស៊ី Su-27 និង Su-30SM ​ប្រចាំនៅតំបន់​ភាគខាងត្បូង​​ ដែលកំពុងបំពេញការងារនៅតំបន់គ្រីមៀ Krasnodar, Stavropol និង Rostov។
ការធ្វើសមយុទ្ធ Caucasus 2020 របស់រុស្ស៊ី​បានធ្វើឡើងក្នុងពេល​ដែលស្ថានភាពនៅក្នុងតំបន់ អឺរ៉ុបជាប់ព្រំដែនរុស្ស៊ីប្រែប្រួល​ ដោយអង្គការណាតូ បានបញ្ជូនយន្តហោះជាច្រើន​គ្រឿង​ចូលទៅកាន់តំបន់ព្រំដែន​ប្រទេសរុស្ស៊ី​៕ដោយ៖ធី រីណា


ចែករំលែក៖