តាមការស្ទង់មតិថ្មីបំផុតរបស់បណ្តាញព័ត៌មាន ABC News និង Washington Post បានបង្ហាញឲ្យឃើញថា ចំនួនពលរដ្ឋគាំទ្របេក្ខភាព ចូ បៃឌិន ខ្ពស់ជាង ប្រធានាធិបតីដូណាល់ ត្រាំ។
តាមលទ្ធផលស្ទង់មតិនៅរដ្ឋ Minnesota របស់បណ្តាញព័ត៌មានទាំងពីរខាងលើបង្ហាញឲ្យឃើញថា បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យលោក បៃឌិន ទទួលបានការគាំទ្រដល់ទៅ៥៧ភាគរយ ។ ចំណែកប្រធានាធិបតីដូណាល់ ត្រាំវិញទទួលបានតែ ៤១ភាគរយប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ បណ្តាញព័ត៌មាន២ផ្សេងទៀត គឺCBS និងNew York Times ក៏បានស្ទង់មតិដាច់ដោយឡែក ហើយលទ្ធផល គឺលោកបៃឌិនទទួលបានការគាំទ្រខ្ពស់ជាងដល់ទៅ ៩ភាគរយ។
នៅក្នុងរដ្ឋMinnesota ការបោះឆ្នោតកាលពីឆ្នាំ២០១៦ លោកត្រាំបានចាញ់គណបក្សប្រជាធិបតេយ្យ របស់បេក្ខភាពហ៊ីលឡារី គ្លីនតុនប្រកៀកប្រកិតគ្នា គឺចាញ់តែ១,៥ភាគរយប៉ុណ្ណោះ។
នៅក្នុងរដ្ឋផ្សេងទៀត ដូចជា Georgia, Iowa, Ohio និង Texas បើទោះបីមិនទាន់ស្ទង់មតិ ប៉ុន្តែការគាំទ្រពីពលរដ្ឋនៅក្នុងបណ្តារដ្ឋនោះមិនមានការធ្លាក់ចុះនោះឡើយ។ ប៉ុន្តែការបោះឆ្នោតនៅរយៈពេលជាង១ខែទៀតនេះ គឺនៅថ្ងៃទី៣ខែវិច្ឆិកា ក្នុងរយៈពេលនេះលោកត្រាំ កំពុងតែស្វែងរក ចំណុចខ្លាំងរបស់លោកដើម្បីអូសទាញអ្នកគាំទ្ររូបលោកឱ្យដូចកាលពីឆ្នាំ២០១៦ ៕
ដោយ៖ធី រីណា