ប៉ៃលិន៖ បន្ទាប់ពីភ្លៀងធ្លាក់នៅផ្នែកខាងលើខ្លាំង ប៉ុន្មានថ្ងៃជាប់ៗគ្នា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក ចេង ញ៉ាន់, និងលោក ហុក សុផលអភិបាលរងខេត្តព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានអញ្ជើញចុះពនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីត្រៀមផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។
លោក ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើននៅតាមតំបន់ភ្នំផ្នែកខាងលើ ដែលបណ្តាលទឹកស្ទឹងប៉ៃលិន និងតាមអូរនានាក្នុងខេត្តមានសភាពឡើងខុសប្រក្រតីបានធ្វើឱ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ៨១ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន២៧ខ្នងដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្រូវសិក្សារកទីតាំងរំដោះទឹកចេញបើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាពមិនល្អព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលាជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាពនិងរស់នៅប្រកបដោយអនាម័យដើម្បីជៀសវៀងកើតមានជម្ងឺផ្សេងៗ។
គួរបញ្ជាក់ថា៖ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិនជាតំបន់ទំនាបដែលរងការលិចលង់ដោយសារមានភ្លៀងធ្លាក់ខ្លាំងគឺ ទឹកជំនន់សឹ្ទងរាល់ឆ្នាំនៅពីលើភ្នំ ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពុងចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាកន្លែងណាជួបការលំបាក៕ដោយ៖ស សារ៉េត