អន្តរជាតិ៖ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោក រកឃើញមានករណីឆ្លងកូវីដ-១៩ថ្មីដល់ទៅជិត ២១០.០០០ នាក់ និង ស្លាប់៣៥០០នាក់ ។ តាមតួលេខថ្មីបំផុតរបស់គេហទំព័រWorldometersគិតដល់ព្រឹកថ្ងៃទី២២ខែកញ្ញា ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ជិត៣១,៥លាននាក់ហើយនៅ២១៣ប្រទេសជុំវិញពិភពលោក។ ជាមួយគ្នានោះក៏មានអ្នកស្លាប់ ដល់ទៅជាង ៩៦៨.០០០នាក់ ប៉ុន្តែចំនួនអ្នកព្យាបាលជាសះស្បើយវិញ មានប្រមាណ២៣លាននាក់ផងដែរ ។
អាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកឆ្លងជាង៧លាននាក់ ហើយរយៈពេល២៤ម៉ោងកន្លងមកមានអ្នកឆ្លងថ្មី៣២ពាន់នាក់ ។ ចំនួនអ្នកស្លាប់ដោយកូវីដ-១៩នៅអាមេរិក មានជិត ២០៥ពាន់នាក់ ហើយ។
ឥណ្ឌាជាប្រទេសឈរលំដាប់ទីពីរ មានអ្នកឆ្លងជាង៥,៥លាននាក់ ។ ក្នុងរយៈពេល២៤ម៉ោង កន្លងមក ឥណ្ឌាមានអ្នកស្លាប់ជាង ១០០០នាក់ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។ ចំនួនអ្នកសា្លប់នៅឥណ្ឌាមានជិត៨៩ពាន់នាក់ហើយ។
នៅពេលនេះ អង្គការសុខភាពពិភពលោក WHO បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រុស្ស៊ី ដែលបានផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩បានជោគជ័យ ដែលមានឈ្មោះSputnik-V។ អគ្គនាយក WHO ប្រចាំនៅតំបន់អឺរ៉ុប លោកHans Kluge បានអរគុណយ៉ាងខ្លាំងដល់រុស្ស៊ីចំពោះវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពនោះ។
មន្ត្រីWHO បានបញ្ជាក់ទៀតថា រុស្ស៊ីបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេស តំបន់អាស៊ីដែលមានឥណ្ឌាជាដើម និងជុំវិញពិភពលោកដើម្បី ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ កន្លងមកថ្មីៗរុស្ស៊ីព្រមព្រៀងជាមួយ១០ ប្រទេសក្នុងនោះមានឥណ្ឌា ក្នុងការលក់វ៉ាក់សាំងប្រឆាំងកូវីដ១,២ពាន់លានដូស៕ដោយ៖ធី រីណា