ខេត្តកណ្តាល៖ ដោយសារតែមានបញ្ហាជំងឺកូវីដ-១៩ធ្វើអោយសេដ្ឋកិច្ចប្រទេសនីមួយៗ មានការធ្លាក់ចុះហើយវិស័យមួយចំនួនជាប់គាំង នៅតែវិស័យកសិកម្ម ដែលអាចដំណើរការបានជាធម្មតាទើបធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីសហគ្រិនភាព ក្នុងវិស័យកសិកម្មសម្រាប់យុវជន ស្រុកខ្សាច់កណ្ដាល ដើម្បីផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។
ពិធីបណ្ដុះបណ្ដាល ស្ដីពីសហគ្រិនភាព ក្នុងវិស័យកសិកម្មសម្រាប់យុវជន ស្រុកខ្សាច់កណ្តាល ដែលក្រោមអធិបតីភាព លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងអស់លោក លោកស្រី អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលទាំងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកសិករ យុវជនស្រុក ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានធ្វើការណែនាំ ដល់យុវជនក្នុងស្រុកខ្សាច់កណ្តាលថា ដោយសារតែបញ្ហា covid-19 ធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ច លើពិភពលោកក៏ដូចជាសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងដែរ ដូច្នេះហើយបានជា សម្ដេចតេជោ ហ៊ុន សែន មើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ កសិករយើង ទើបរាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ហិរញ្ញប្បទានចំនួន៥០លានដុល្លារ ដើម្បីជួយដល់ផ្នែកកសិកម្ម ការដាំដុះ ការចិញ្ចឹមសត្វ ការបង្កបង្កើនកម្មផល ដើម្បីផ្គត់ផ្គង់ក្នុងស្រុកនិងជាយុទ្ធសាស្ត្រទប់ស្កាត់ដល់ការនាំចូលពីខាងក្រៅផងដែរ ។
លោកប្រតិភូអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ទៅកាន់យុវជន ស្រុកខ្សាច់កណ្តាលនិងប្រជាកសិករថា សូមយុវជនយើងទាំងអស់មេត្តាធ្វើការដាំដុះប្រកបដោយមានលក្ខណៈបច្ចេកទេស តាមស្តង់ដារ ការដាំដុះលក្ខណៈតូចតាចធ្វើឱ្យបងប្អូនមិនបានទទួលទិន្នផលខ្ពស់នោះទេ ត្រូវចេះកែប្រែពីអាជីវកម្មកសិកម្ម មកជាកសិកម្មបែបសហគ្រិនដែលមាននិរន្តភាព។ ដូច្នេះត្រូវតែសិក្សាធ្វើឱ្យការនាំចេញបន្លែ ត្រី សាច់ ផ្លែឈើនៅនឹងកន្លែងឲ្យទទួលបានទិន្នផលខ្ពស់ ដើម្បីផ្គត់ផ្គង់ទីផ្សារនិងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ៕
ដោយ៖ សិលា