ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិនិត្យវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(បញ្ជីឆ្នាំ២០១៩)និងជម្រុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធលើអចលនវត្ថុជាទ្រព្យសម្បត្តិរបស់រដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(បញ្ជីឆ្នាំ២០១៩)និងជម្រុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធលើអចលនវត្ថុជាទ្រព្យសម្បត្តិរបស់រដ្ឋនាព្រឹកថ្ងៃទី២១ខែកញ្ញានៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២១រហូតដល់២៥ខែកញ្ញាឆ្នាំ២០២០។

ក្នុងឪកាសនោះលោក ជូ សុធី ប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀងបានអោយដឹងថាក្នុងការអនុវត្តនាពេលកន្លងមក មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ក្នុងនាម​ជាសេ​នា​ធិ​​ការរបស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បានខិតខំពង្រឹងការគ្រប់គ្រង ផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្ត និង​បាន​ធ្វើការផ្សព្វផ្សាយណែនាំ​ជាប្រចាំដល់អាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ក្នុងគោលបំណង​ពង្រឹង​​ការ​គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ​ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងរួមចំណែកដល់​ការ​​អនុវត្ត​​​កម្មវិធីកែទម្រង់ការ​គ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធព័ត៌មាវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គ្រប់​អាជ្ញាធ​រ​​​កាន់​កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀប​ចំបញ្ជី​សារពើភណ្ឌ​ទ្រព្យ​​សម្បត្តិ​រដ្ឋ ជាសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោលរៀងរាល់ ៥ (ប្រាំ)ឆ្នាំ​ម្តង និង​ក្នុង​ចន្លោះ​​រយៈពេល ៥ (ប្រាំ)ឆ្នាំ នៃ​ឆ្នាំ​គោល ត្រូវរៀបចំតារាងកើនឡើងនិង​ថយចុះ​នូវ​ទ្រព្យ​សម្បត្តិរដ្ឋប្រចាំឆ្នាំ។

ក្នុងនេះ​ដែរ មូលដ្ឋានក្នុងការរៀបចំបញ្ជីសារពើភណ្ឌ​ទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល​(បញ្ជីឆ្នាំ​២០​១​​៩​)​​នេះ ត្រូវ​យ​ក​តួលេខ​ក្នុង​បញ្ជី​សារ​​​​​ពើ​ភណ្ឌ​​​ឆ្នាំ​គោល(ឆ្នាំ២០១៤) ធ្វើការផ្គូរផ្គង និងផ្ទៀង​ផ្ទាត់​ជា​មួយតារាង​កើន​ឡើង​ និង​​ថយ​ចុះ​​នូវ​​​​​ទ្រព្យ​សម្បត្តិ​រដ្ឋ​​ប្រចាំ​ឆ្នាំ២​០១៥ ដល់ឆ្នាំ២០១៨ របស់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ​នីមួយ​ៗ និង​​​វាយ​តម្លៃ​​ទ្រព្យសម្បត្តិរដ្ឋឱ្យ​បាន​​គ្រប់​ជ្រុងជ្រោយ​ ដោយមានប្រតិភូតំណាងក្រសួង​សេដ្ឋ​កិច្ច​និង​​ហិរញ្ញវត្ថុ គណៈ​កម្ម​ការ​​បញ្ជី​សា​​​​រ​​​ពើ​ភណ្ឌ​ទ្រព្យ​សម្បត្តិ​​រដ្ឋប្រ​ចាំក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់នីមួយៗ​ចូល​រួម​ត្រួតពិនិត្យ ​​​។

ទោះជាយ៉ាងណាក៏ដោយ ក៏យើង​ពិនិត្យ​​ឃើញថា កន្លង​​​មក មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន ដែល​ជា​អាជ្ញាធរ​​កាន់​កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​​​​អង្គភាពប្រើប្រាស់​ទ្រព្យ​សម្បត្តិរដ្ឋ  មិនបាន​បញ្ចប់ការរៀបចំ​បញ្ជីសារ​ពើភណ្ឌ​ទ្រព្យ​សម្បត្តិ​​​រដ្ឋ ឬតារាងប្រៀប​ធៀប​ការ​​​កើនឡើង ថយចុះ​ទ្រព្យ​​សម្បត្តិរដ្ឋរបស់អង្គភាព​ខ្លួនឱ្យបានទាន់​ពេលវេលា​កំណត់​នៅ​តាម​​ឆ្នាំនីមួយៗឡើយ ហើយម៉្យាង​វិញ​​ទៀត ក្នុងបញ្ជីសារពើ​ភណ្ឌ​​ទ្រព្យសម្បត្តិរដ្ឋ​ដែលបានរៀបចំរួចមួយចំនួន ក៏នៅ​មាន​ការ​ចុះ​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋស្ទួនគ្នា និងមានតែតួលេខកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​រដ្ឋជាក់ស្តែងគ្មាន មិនទាន់ធ្វើវិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចលនវត្ថុ  និងពុំទាន់បានកំណត់តម្លៃ​អច​លន​វត្ថុ-​ចលន​វត្ថុ​​​​​​​ជាដើម។

លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងក៏បានលើកទឹកចិត្តសមាជិក សមា​ជិ​កានៃអង្គពិធីទាំងអស់ឱ្យចូលរួមយ៉ាងសកម្មជាមួយនឹងស្មារតីយកចិត្តទុក​ដាក់​ខ្ពស់​ដើម្បី​​​ស្វែ​ង​​​​​​យល់ឱ្យបានកាន់តែច្បាស់​​នូវវិធាន នីតិវិធី និង​បច្ចេកទេសនានានៃការធ្វើបញ្ជីសារពើ​ភណ្ឌទ្រព្យសម្បត្តិ​រដ្ឋឆ្នាំ​គោល​​​​​​(បញ្ជី​​​​ឆ្នាំ២០១៩)នេះ ទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណភាពល្អ និងទាន់​ពេល​វេលា។

ទន្ទឹមនឹងនេះ លោកថ្លែងអំណរគុណដល់អស់លោក លោកស្រីមន្ត្រីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែល​នឹង​​​​​​​​ផ្ដល់កិច្ចសហការចូលរួមធ្វើបទបង្ហាញក្នុងពិធីនេះ ដើម្បីបញ្ជាក់​ឱ្យកាន់តែ​ច្បាស់លាស់​​អំពីខ្លឹមសារ គោលការណ៍​វិធា​ន និង​បច្ចេកទេសនានា  សម្រាប់បង្កើនសមត្ថភាពចំណេះដឹងថ្មីបន្ថែមមួយទៀតដល់មន្ត្រី/មន្ទីរ អង្គភាព និងរដ្ឋបាល​ថ្នាក់​ក្រោម​​​​​​ជាតិ ដែលមាន​សមត្ថ​កិច្ចពាក់ព័ន្ធ  យកទៅអនុវត្តន៍ទទួលបានប្រសិទ្ធភាពខ្ពស់។

លោកក៏បានសង្ឃឹមយ៉ាងមុតមាំថា អង្គពិធីនេះ នឹងផ្ដល់ធាតុចូលបន្ថែមយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើន​សមត្ថ​​​ភាពដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមចំណែក​ដើម្បី​ពង្រឹង​​ការ​​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ និងការរៀបចំបញ្ជីសារពើភណ្ឌ ឱ្យកាន់តែមាន​គុណ​ភាព​​ល្អ ប្រសិទ្ធភាព  សង្គតិភាព សុក្រឹ​ត​ភាព គណនេយ្យភាព និងតម្លាភាព  ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖