ភ្នំពេញ ៖ ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុជាច្រើនរួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនធំ ត្រូវបានព្រះចៅអធិការវត្តមណីរតនារាម ហៅវត្តទួលទំពូង ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលខណ្ឌចំការមន ព្រមទាំងសង្កាត់ទាំង៥ នៅក្នុងមូលដ្ឋានខណ្ឌចំការមន និងសង្កាត់ទំនប់ទឹកក្នុងខណ្ឌបឹងកេងកង ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តសកម្មភាពមនុស្សធម៌ចែកជូនដល់ពលរដ្ឋក្រីក្រ ទុរគតជន និងគ្រោះមហន្តរាយផ្សេងៗ។
ពិធីប្រគល់ទេយ្យទានជូនដល់អនុសាខាកាកបាទក្រហមខណ្ឌចំការមននៅពេលនេះ ធ្វើឡើងក្រោមវត្តមានលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រមកម្ពុជាខណ្ឌ និងអភិបាលរងខណ្ឌ ចៅសង្កាត់ រួមទាំងសមាជិកសមាជិកាជាច្រើនរូបទៀត ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមប្រចាំខណ្ឌ បានឱ្យដឹងថា ទេយ្យទាន ទេយ្យវត្ថុ ដែលប្រគល់ជូនដល់រដ្ឋបាលខណ្ឌ និងអនុសាខាកាកបាទក្រហមខណ្ឌនៅពេលនេះរួមមាន ៖
-អង្ករ ចំនួន ២,៨០០គីឡូក្រាម
-មី ចំនួន ១៥០កេស
-ទឹកក្រូច ៣៥កេស
-ទឹកត្រី ចំនួន ១៥យួរ
-ទឹកស៊ីអ៉ីវ ចំនួន ៣៥យួរ
-ទឹកដោះគោ ចំនួន ៦៥០កំប៉ុង
-ត្រីខ ចំនួន ៣៥យួរ
-បន្លុង ចំនួន៧សម្រាប់
-ស្ករស ៥០០គីឡូក្រាម
-តែ ចំនួន ៥០០កញ្ចប់
-ថវិកា ចំនួន ១៤,០០០,០០០រៀល ។
ដោយឡែកសម្ភារដែលរដ្ឋបាលសង្កាត់ទាំង៦ទទួលបានក្នុង១សង្កាត់ រួមមាន៖
-អង្ករ ចំនួន ៧បាវ
-មី ចំនួន ១៥កេស
-ទឹកក្រូច ៥កេស
-ទឹកត្រី ចំនួន ២យួរ
-ទឹកស៊ីអ៉ីវ ចំនួន ២យួរ
-ទឹកដោះគោ ចំនួន ១០០កំប៉ុង
-ត្រីខ ចំនួន ៥យួរ
-បន្លុង ចំនួន ១សម្រាប់
-ស្ករស ៧០គីឡូក្រាម
-តែ ចំនួន ១០០កញ្ចប់
-ថវិកា ចំនួន ២,០០០,០០០រៀល ។
លោក ថេង សុថុល បានសម្តែងនូវអារម្មណ៍សោមនស្សរីករាយយ៉ាងក្រៃលែងបំផុតនូវទឹកព្រះទ័យករុណាទិគុណរបស់ព្រះចៅអធិការវត្តទួលទំពូង ដែលមានសទ្ធាជ្រះថ្លាបានផ្តល់នូវទេយ្យទាន ក៏ដូចជាទេយ្យវត្ថុដ៏ថ្លៃថ្លាទាំងអស់នេះ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់អាជ្ញាធរខណ្ឌទាំងមូល ។ ការប្រគល់ទេយ្យទាននៅពេលនេះមិនមែនជាលើកទី១ទេ សម្រាប់វត្តទួលទំពូង ដែលបានប្រគល់ជូនខណ្ឌចំការមន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌ ។ លោកអភិបាលខណ្ឌសន្យាថា នឹងនាំអំណោយទាំងនេះយកទៅចែកជូនដល់ពលរដ្ឋក្រីក្រពិតប្រាកដដោយផ្ទាល់តែ
ម្តង ។
ព្រះវិន័យវង្សា ស៊ាន ប៊ុនណាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការវត្តទួលទំពូង បានមានថេរដីកាឱ្យដឹងថា ទេយ្យទាន ក៏ដូចជាទេយ្យវត្ថុដែលត្រូវបានប្រគល់ជូននៅពេលនេះ គឺជាកុសលផលបុណ្យរបស់ញាតិញោមពុទ្ធ
បរិស័ទជិតឆ្ងាយ ដែលបានយកមកវេរប្រគេនដល់គណៈសង្ឃក្នុងវត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ~ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតកាទាំង៧សន្តានរបស់ពួកគេដែលបានចែកឋានទៅកាន់បរលោកនៅជាតិខាងមុខ។ ដូច្នេះហើយ កុសលផលបុណ្យទាំងនេះ ក្នុងនាមជាព្រះសង្ឃដែលគោរពនូវព្រះពុទ្ធសាសនា ក៏សុំធ្វើការវេរប្រគល់បន្តទៅអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងរដ្ឋបាលខណ្ឌចំការមន ដើម្បីយកទៅប្រើប្រាស់បន្តក្នុងផលល្អ ពិសេសសកម្មភាពមនុស្សធម៌ ក្នុងការចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកខ្វះខាត ៕ ដោយ៖ ជីណា