អន្តរជាតិ៖ ខណៈដែលភាពតានតឹងនៅព្រំដែនឥណ្ឌា និងចិនហាក់ធូរស្រាលបន្តិច ស្រាប់តែថ្មីៗនេះឥណ្ឌា ទំនងចង់សម្ញែងអានុភាពថ្មីរបស់ខ្លួនដាក់ចិនក៏បានសាកល្បងហោះហើរយន្តហោះចម្បាំង Rafale របស់ខ្លួនដែលទើបទទួលបានពីបារាំង នៅលើតំបន់ជម្លោះនៅតាមព្រំដែនជាមួយចិន។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសឥណ្ឌា កាលពីថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ។
មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសឥណ្ឌា បានបញ្ជាក់ថា យន្តហោះចម្បាំងRafale ត្រូវបានបើកសាកល្បងនៅលើតំបន់ក្បែរព្រំដែនជាមួយចិន រួមទាំងតំបន់ Ladakh ដែលជាតំបន់ប្រទាញប្រទងគ្នាផងដែរ។ ដោយការសាកល្បងនេះ គឺជាពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសឥណ្ឌា ដើម្បីធ្វើឲ្យថ្នឹកដៃជាមួយយន្តហោះចម្បាំងថ្មីនេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កងទ័ពអាកាសឥណ្ឌាមិនបានប្រកាសពីការហោះហើរនេះឡើយ ប៉ុន្តែវាត្រូវបានឃើញដោយអ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មានមួយនេះនៅលើទីក្រុង Leh ក្នុងតំបន់Ladakh ផ្ទាល់។ ក្រោយមកមន្ត្រីកងទ័ពឥណ្ឌា ក៏បានបញ្ជាក់ពីការហោះហើរនេះមែន។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌានិងចិន ដែលបង្កឲ្យទាហានឥណ្ឌាស្លាប់ជាង ២០នាក់ និងរបួសកើតឡើងនៅក្នុងតំបន់Ladakhនេះ ហើយការប្រឈមមុខរបស់យក្សនុយក្លេអ៊ែរអាស៊ីទាំងពីរ និងឈានដល់ការបាញ់បោះព្រមានគ្នាទៅមកក្នុងពេលថ្មីៗនេះ ក៏កើតឡើងនៅក្នុងតំបន់នេះដែរ។
ចំណែកឯយន្តហោះចម្បាំង Rafale ចំនួន៥គ្រឿងដំបូង ដែលទើបនាំមកពីបារាំង ត្រូវបានឥណ្ឌាដាក់បញ្ចូលឲ្យប្រើប្រាស់ ក្នុងកងទ័ពអាកាសរបស់ខ្លួនតាំងពីថ្ងៃទី១០ ខែកញ្ញាមកម្លេះ។ ក្នុងអំឡុងពេលដាក់ឲ្យប្រើប្រាស់នេះក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ថា យន្តហោះចម្បាំងRafale បានហោះហើរ និងសាកល្បងរួចហើយ នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។ ប៉ុន្តែឥណ្ឌា មិនបានបញ្ជាក់ពីតំបន់ ដែលបានហោះហើរឡើយ។
ក្នុងជំនួបនេះ ភាគីចិន និងឥណ្ឌា យល់ព្រមបន្ធូរបន្ថយភាពតានតឹង និងដកទ័ពចេញពីតំបន់ព្រំដែនជម្លោះ។ ព្រោះនៅក្នុងថ្ងៃឥណ្ឌាដាក់បញ្ចូលRafale ក្នុងកងទ័ពអាកាសរបស់ខ្លួន ប្រមុខការទូតរបស់ប៉េកាំង និងញូវដែលី បានជួបគ្នាដោយផ្ទាល់នៅរុស្ស៊ី។
បច្ចុប្បន្នប្រទេសឥណ្ឌា បានកម្មង់ទិញ Rafale របស់បារាំងចំនួន ៣៦គ្រឿងតាំងពីឆ្នាំ២០១៦មកម្លេះ ក្នុងទំហំទឹកប្រាក់ប្រមាណ ៩,៤ពាន់លានដុល្លារ។យន្តហោះទាំងនេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិឥណ្ឌាចាត់ទុកថា គឺជា «សារដ៏ខ្លាំង» សម្រាប់សត្រូវរបស់ខ្លួន៕
ដោយ៖ស តារា