កោះតៃវ៉ាន់ ជាតំបន់ដែលបានប្រកាសបិទទ្វារមុនគេ កាត់បន្ថយការជួបជាមួយជនបរទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
អ្វីដែលកោះតៃវ៉ាន់បានធ្វើគឺមានប្រសិទ្ធភាពបំផុត ហើយពេលនេះពលរដ្ឋមានការរស់នៅដូចធម្មតា ដែលមិនទាន់មានកូវីដ-១៩ផ្ទុះឡើង។
នៅទីក្រុងតៃប៉ិ ពលរដ្ឋធ្វើដំណើរ នៅទីសាធារណៈ ដោយមិនមានការបារម្ភឆ្លងកូវីដ-១៩នោះឡើយ។ពលរដ្ឋតៃវ៉ាន់មានការរស់នៅដូចពេលមិនទាន់មានកូវីដ-១៩ផ្ទុះឡើង។ នៅតាមផ្លូវ នៅតាមរមណីយដ្ឋាននានា ពលរដ្ឋទៅហាត់ប្រាណនិងធ្វើជួបជុំគ្នាយ៉ាងសប្បាយដោយមិនមានពាក់ម៉ាស់ទប់ស្កាត់កូវីដ-១៩នោះឡើយ។ ប្រសិនបើអ្នកណាម្នាក់ទៅកាន់កោះតៃវ៉ាន់ នឹងមិនមានអារម្មណ៍ថាស្ថិតនៅក្នុងរដូវកាលកូវីដ-១៩នោះឡើយ។
បច្ចុប្បន្នចំនួនអ្នកឆ្លងនៅលើពិភពលោកមានជាង៣១លាននាក់ និងស្លាប់ជិតមួយលាននាក់។ ដោយឡែកកោះតៃវ៉ាន់មានពលរដ្ឋប្រមាណ២៣លាននាក់ ប៉ុន្តែមានចំនួនអ្នកឆ្លងកូវីដ-១៩តែ៥០០នាក់ និងស្លាប់៧នាក់តែប៉ុណ្ណោះ។
ភាពជោគជ័យរបស់កោះតៃវ៉ាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ គឺកោះនេះបានបិទទ្វារតាំងពីពេលដំបូងដែលផ្ទុះឡើងនៅទីក្រុងវូហាន។ សារព័ត៌មាន CNN បានផ្សាយថា មន្ត្រីការបរទេសកោះតៃវ៉ាន់លោក Joseph Wuបានបញ្ជាក់ថា កោះតៃវ៉ាន់ទទួលបានបទពិសោធន៍ កាលពីឆ្នាំ២០០៣ ដោយពេលនោះជំងឺសារ (SARS) បានផ្ទុះឡើង ប៉ះពាល់យ៉ាងខ្លាំង ដល់កោះតៃវ៉ាន់។
ជំងឺសារកាលពីឆ្នាំ២០០៣ បានសម្លាប់ពលរដ្ឋតៃវ៉ាន់១៨១នាក់ និងពលរដ្ឋ១៥០ពាន់នាក់ត្រូវកាត់ផ្តាច់ នៅដាច់ដោយឡែក ទប់ស្កាត់ការឆ្លង។ ទាំងនោះហើយបានជាកោះតៃវ៉ាន់ចាត់វិធានការទប់ស្កាត់បានលឿនបំផុត ទើបមិនមានករណីឆ្លងកូវីដ-១៩ច្រើនដូចប្រទេសនិងតំបន់ផ្សេងទៀត ៕ដោយ៖ធី រីណា