ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ៦ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០
គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី បានចាប់ផ្តើមបេសកកម្មក្នុងខេត្តបាត់ដំបង ដោយការចុះទស្សនកិច្ច និងជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យនេតយ៉ង់។
ដំណើរទស្សនកិច្ច និងការជួបសំណេះសំណាលរបស់គណៈកម្មការទី៧នេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមពីផលលំបាក បង្កដោយវិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋានផ្ទាល់ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់វិទ្យាល័យ ក្នុងការអនុវត្តដំណើរការបើកឡើងវិញ ក្នុងដំណាក់កាលទី២ ក៏ដូចជាស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ មុនឈានដល់ការជួបប្រជុំជាមួយគណៈអភិបាលខេត្ត និងមន្ទីរអប់រំ នារសៀលនេះ ដើម្បីពិភាក្សាលើទិដ្ឋភាពជារួម នៃស្ថានភាពវិស័យអប់រំក្នុងក្របខណ្ឌខេត្តបាត់ដំបងផ្ទាល់។
លោក ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូ ក៏ដូចជាប្រតិភូគណៈកម្មការ បានកត់សម្គាល់ចំពោះការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំសាលាក្នុងការដាក់ចេញវិធានការជាដំណោះស្រាយរួមគ្នា តាមរយៈការរៀបចំជាផែនការសកម្មភាព និងបទបញ្ជាផ្ទៃក្នុងរបស់សាលាផ្ទាល់ សម្រាប់ការអនុវត្តគោលការណ៍ណែនាំនានា ស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមនេះ គណៈកម្មការ សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានខិតខំចូលរួមសហការ ជាមួយថ្នាក់ដឹកនាំសាលា ក្នុងការបន្តបង្រៀនដល់សិស្សានុសិស្ស បើទោះជាវិបត្តិកូវីដ១៩ បាន និងកំពុងបង្កការលំបាក ដែរទាមទារអោយមានការចំណាយកម្លាំង និងពេលវេលាច្រើនក្នុងការកែច្នៃ រិះរកយុទ្ធសាស្រ្តបង្រៀន ស្របតាមសភាពការណ៍ និងការប្រើប្រាស់ អ្វីដែលមានក្នុងដៃអោយអស់ពីសមត្ថភាព ដើម្បីធានាការផ្តល់ការអប់រំដល់សិក្សានុសិស្ស ជាពិសេសក្នុងដំណាក់កាលការបើកសាលាឡើងវិញ៕
ដោយ៖ សិលា