ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Navalny ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ក្រុង​បែរ​ឡាំង ក្រោយជំងឺធូរសះស្បើយ​ច្រើន

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០២០ មន្ទីរពេទ្យ Charite របស់អាល្លឺម៉ង់ បានបញ្ជាក់ថាមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងទីក្រុងបែរឡាំង ទឹកដីអាល្លឺម៉ង់ បន្ទាប់ពីសុខភាពរបស់លោក Navalny បានធូរសះស្បើយច្រើន នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters

មន្ទីរពេទ្យដដែល បានលើកឡើងថា ផ្អែកលើលក្ខខណ្ឌសុខភាពនិងការវិវត្តបច្ចុប្បន្នរបស់អ្នកជំងឺ ខាងគ្រូពេទ្យ ជឿជាក់ថា លោក​Navalny នឹងជាដាច់ឆាប់ៗខាងមុខ ក៏ប៉ុន្តែគ្រូពេទ្យពុំទាន់អាចវាយតម្លៃឲ្យច្បាស់លាស់ពីផលប៉ះពាល់យូរអង្វែងនៃការពុលថ្នាំធ្ងន់ធ្ងររបស់លោកបានទេជាក់ស្តែងលោកNavalny ទទួលការព្យាបាលនៅមន្ទីរពេទ្យ Charite សរុប៣២ថ្ងៃហើយក្នុងនោះ លោកចំណាយពេល២៤ថ្ងៃក្នុងបន្ទប់សង្គ្រោះបន្ទាន់ បើតាមមន្ទីរពេទ្យនេះ ការសម្រេចចិត្តលម្អិតស្ថានភាពជំងឺរបស់លោក Navalny ជាសាធារណៈបែបនេះ គឺធ្វើឡើងក្រោយបានប្រឹក្សារួចរាល់ជាមួយសមាជិកគ្រួសារនិងភរិយាលោក ចំណែកវិមានក្រេឡាំងវិញ ក៏បានប្រកាសដែរថាលោក Navalny អាចធ្វើដំណើរទៅរុស្ស៊ីវិញគ្រប់ពេល

ដោយឡែក លោក Steffen Siebert អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់កាលពីដើមខែកញ្ញា បានបញ្ជាក់ថា ការធ្វើតេស្តរបស់កងទ័ពអាល្លឺម៉ង់លើលោក Navalny ដែលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យមួយនៅរដ្ឋធានី បែរឡាំង បានផ្ដល់នូវភស្តុតាងច្បាស់នៃថ្នាំពុលប្រភេទNovichok ព្រោះថ្នាំពុលត្រកូល Novichok គឺជាថ្នាំពុលកម្រិតថ្នាក់យោធា ដែលត្រូវបានអភិវឌ្ឍដោយរដ្ឋាភិបាលសហភាពសូវៀតក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ហើយអាចប្រើក្នុងទម្រង់ជាម្សៅ រាវ ចំហាយ

យ៉ាងណាមិញ រដ្ឋាភិបាលរុស្ស៊ី ក៏បានអះអាងថា ខ្លួនពុំទាន់ទទួលភស្តុតាងណាមួយពីរដ្ឋាភិបាលក្រុងបែរឡាំងឡើយ ប៉ុន្តែទាំងអាល្លឺម៉ង់ និងអឺរ៉ុបសុទ្ធតែទាមទារចម្លើយពីក្រុងមូស្កូពាក់ព័ន្ធបញ្ហាបំពុលនេះ ហើយព្រមានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីថែមទៀតផង

សូមជម្រាបថា មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny មានអាយុ៤៤ឆ្នាំ បានធ្លាក់ខ្លួនឈឺ ក្រោយឡើងជិះយន្តហោះមួយក្នុងតំបន់Siberia ក្នុងប្រទេសរុស្ស៊ី កាលពីខែមុន អ្នកគាំទ្រលោកសង្ស័យថា ទឹកតែដែលលោកផឹកនៅមុនពេលឡើងយន្តហោះមានថ្នាំពុល ដំបូងឡើយ លោកត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងតំបន់នោះ មុនពេលដឹកទៅព្យាបាលនៅមន្ទីរពេទ្យ Charite ក្នុងទីក្រុងបែរឡាំងវិញមិនតែប៉ុណ្ណោះលោកNavalny គឺជាសកម្មជនប្រឆាំងអំពើពុករលួយ ដែលធ្លាប់បានដឹកនាំបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនលោកថែមទាំងហៅបក្សកាន់អំណាចរុស្ស៊ីបច្ចុប្បន្នថាជាចោរដែលកំពុងជញ្ជក់ឈាមរុស្ស៊ី

គួរបញ្ជាក់ផងដែរថា មេដឹកនាំបក្សប្រឆាំងរូបនេះ ក៏ត្រូវបានហាមឃាត់ពីការឈរឈ្មោះប្រឆាំងលោកប្រធានាធិបតីរុស្ស៉ី ពូទីន ក្នុងការបោះឆ្នោតផងដែរ៕ដោយ៖ស តារា


ចែករំលែក៖