ខេត្តពោធិ៍សាត់ ៖ប្រភពរាយការណ៍ពីសមត្ថកិច្ចខេត្តពោធិ៍សាត់នារសៀលថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្នុងសប្តាហ៍នេះគេសង្កេតឃើញកើតមានកណីធ្វើអត្តឃាតចងក កើតឡើង៤ករណីគួរឲ្យកត់សម្គាល់ នៅក្នុងខេត្តពោធិ៍សាត់។
ប្រភពបន្តថា ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ មានបុរសម្នាក់ឈ្មោះ ធុង ធាង អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិពោធិងង្រ្គង ឃុំបឹងកន្ទួត ស្រុកក្រគរ បានយកខ្សែអង្រឹងចងកធ្វើអត្តឃាតក្នុងផ្ទះរបស់ខ្លួនបានសម្រេច ដោយសង្ស័យអន់ចិត្តប្រពន្ធសុំទៅធ្វើការរោងចក្រសោះ ។
ប្រភពបន្តទៀតថាចំណែក ស្ថិតនៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្ដៀងឯនេះវិញ នាព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល ក៏មានស្រ្តីឈ្មោះ តាន់ សៀកឃីម អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បានយកខ្សែនីឡុងពណ៌ស ចងកខ្លួនឯងក្នុងជង្រុកស្រូវក្បែរផ្ទះបណ្ដាលឲ្យស្លាប់ផងដែរ ដែលគេសង្ស័យអាចបណ្ដាលមកពីមានជំងឺប្រចាំកាយរ៉ាំរ៉ៃ។
ប្រភពដដែលបញ្ជាក់បន្ថែមថា លុះព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល នៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ មានស្រ្តីឈ្មោះ ហៀក ស្រីដា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បានចងកធ្វើអត្តឃាតក្នុងផ្ទះដោយចាក់គន្លឹះពីខាងក្នុងជាប់ ដែលគេសង្ស័យអាចមានវិបត្តិក្នុងគ្រួសារ ខណៈប្ដីយកកូនស្រីតូចចេញពីផ្ទះបាត់ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា ដោយឡែក រសៀលថ្ងៃទី២៥ ខែឆ្នាំដដែលនេះដែរ នៅភូមិកណ្ដាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានបុរសឈ្មោះ សៀន អេន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានធ្វើអត្តឃាតដោយយកក្រមាចងកទៅនឹងដើមពុទ្រាខាងក្រោយផ្ទះ បណ្ដាលឲ្យស្លាប់១ករណីទៀត ដោយគេសង្ស័យអាចបណ្ដាលមកពីមានជំងឺសរសៃប្រសាទ។ ដូច្នេះ១សប្ដាហ៍សោះកើតមានករណីធ្វើអត្តឃាតចងកដល់ទៅ៤ករណី បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៤នាក់ ទាំងសោកស្តាយ៕ ដោយ៖បុឹម ពិន