ខេត្តកណ្ដាល៖ ជនសង្ស័យជាកម្មករក្រុមហ៊ុនដឹកត្រីម្នាក់ ដោយសារតែចាញ់ល្បែងក៏បែកគំនិតលួចលុយថៅកែរបស់ខ្លួនជាង៣ពាន់ដុល្លារ ទីបំផុតថៅកែដឹងក៏ប្តឹងនគរបាលស្រុកកោះធំឲ្យចាត់ការតាមនីតិវិធីច្បាប់។ ករណីលួចនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ ចំរេីន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករក្រុមហ៊ុនត្រី។ ចំណែកជនរងគ្រោះជាម្ចាស់ប្រាក់ឈ្មោះ ឈឿន ប៊ុនឆន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាមន្ត្រីនគរបាល។ ដោយឡែកទ្រព្យសម្បត្តិបាត់បង់មាន ប្រាក់ដុល្លារចំនួន៣.៦៥០ដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ ចំរេីន ចូលបម្រើការងារក្នុងក្រុមហ៊ុនដឹកត្រីរបស់ខ្លួនជាយូរខែឆ្នាំមកហេីយ ដោយឲ្យជនសង្ស័យជាអ្នកទទួលមើលការងាររបស់ក្រុមហ៊ុនត្រីគឺផ្ញេីនិងទទួលលុយទុកសម្រាប់ទូទាត់ឲ្យម៉ូយត្រី។នៅពេលកំពុងបំពេញការងារ ជនសង្ស័យ បានលួចបន្លំយកប្រាក់របស់ក្រុមហ៊ុនទៅចាយវាយអស់៣.៦៥០ដុល្លារអាមេរិក ហើយជនរងគ្រោះជាម្ចាស់ក្រុមហ៊ុនត្រីដឹងថាបាត់លុយក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះផាន់ ចំរេីន បានឆ្លេីយសារភាពថា រូបខ្លួនពិតជាបានបន្លំលួចយកប្រាក់ពីក្រុមហ៊ុនដឹកត្រីរបស់ឈ្មោះ ឈឿន ប៊ុនឆន ប្រាកដមែន ដោយយកទៅចាយវាយនិងលេងល្បែងស៊ីសងអស់ចំនួនប្រមាណជា ៣.៦៥០ដុល្លារអាមេរិក។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ