អន្តរជាតិ៖ យោងតាមសារព័ត៌មាន BBC នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបូរីស ចនសុន បានសន្យាបង្កើនទំហំដីអភិរក្សឲ្យដល់៣០ភាគរយនៃផ្ទៃដីសរុបរបស់ចក្រភពអង់គ្លេស ហើយលោក ចនសុន នឹងចូលរួមជាមួយមេដឹកនាំចំនួនប្រទេស ក្នុងយុទ្ធនាការបញ្ចៀសការបាត់បង់នៅក្នុងពិភពលោកធម្មជាតិនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ។ ដើម្បីអនុវត្តតាមការប្ដេជ្ញាចិត្តដែលមានគោលដៅគាំទ្រដល់ការងើបឡើងនៃធម្មជាតិ តំបន់ជនបទរបស់ប្រទេសអង់គ្លេសចំនួនបួនសែននាក់ហិកតា នឹងត្រូវដាក់ឲ្យក្រោមការការពារ ស្របពេលដែលទំហំដីអភិរក្សនៅផ្នែកផ្សេងទៀតនៅចក្រភពអង់គ្លេស ក៏នឹងត្រូវបង្កើនដែរ។
សារព័ត៌មាន BBC បន្តថា លោកបូរីស ចនសុន នឹងប្រកាសពីការប្ដេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការបង្កើនទំហំដីអភិរក្សក្នុងកិច្ចប្រជុំអន្តរជាតិមួយស្ដីពីធម្មជាតិ។ ពីព្រោះសព្វថ្ងៃ ផ្ទៃដីឧទ្យានជាតិដែលជាតំបន់មានសម្រស់ធម្មជាតិល្អប្លែក និងតំបន់ការពារផ្សេងៗទៀត មានទំហំ២៦ភាគរយនៃផ្ទៃដីប្រទេសអង់គ្លេស។ ក្នុងសម្រង់សុន្ទរកថាដែលលោក ចនសុន នឹងថ្លែងក្នុងជំនួបខាងមុខ រដ្ឋាភិបាលរបស់លោក នឹងបង្កើនចំនួនផ្ទៃដីដែលទទួលបានការការពារនេះពី២៦ភាគរយនាពេលបច្ចុប្បន្នដល់៣០ភាគរយនៅឆ្នាំ២០៣០។
ខណៈបរិស្ថាន ជាបញ្ហាដែលស្មុគស្មាញនោះ រដ្ឋាភិបាលអង់គ្លេស នឹងធ្វើការជាមួយប្រទេសស្កុតលែន វែលស៍ និងអៀរឡង់ខាងជើងក៏ដូចជាម្ចាស់ដីឯកជនដើម្បីបង្កើនបរិមាណដីការពារនៅទូទាំងចក្រភពអង់គ្លេស។ អង់គ្លេសស្កុតលែន វែលស៍ និងអៀរឡង់ខាងជើង ជារដ្ឋចំណុះចក្រភពអង់គ្លេស។
ចំណែកអ្វីដែលលោក ចនសុន នឹងថ្លែងក្នុងកិច្ចប្រជុំអន្តរជាតិខាងលើនេះថា៖ «យើងមិនអាចស្ទាក់ស្ទើរ និងពន្យារពេលបានទេ ព្រោះជីវចម្រុះកំពុងបាត់បង់រាល់ថ្ងៃ ហើយការបាត់បង់នេះ មានអត្រាគួរឲ្យភ័យខ្លាចទៀតផង។» បន្ថែមពីនេះលោក ក៏នឹងទទូចឲ្យប្រទេសទាំងអស់ប្រែក្លាយការនិយាយទាំងអម្បាលម៉ានទៅជាសកម្មភាពជាក់ស្ដែង និងសម្រេចឲ្យបានគោលដៅសម្រាប់ការការពារធម្មជាតិជាមួយការដាក់កំហិតតែម្ដង។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសរូបនេះ ក៏នឹងចុះហត្ថលេខាលើ «ការសន្យារបស់មេដឹកនាំសម្រាប់ធម្មជាតិ» ដែលរួមបញ្ចូលការប្តេជ្ញាចិត្តផ្តល់អាទិភាពដល់ការស្តារបរិស្ថានឡើងវិញក្នុងវិធានការស្ដារសេដ្ឋកិច្ចក្រោយការរីករាលដាលនៃវីរុសកូរ៉ូណាការស្រេចឲ្យបានគោលដៅជីវចម្រុះ និងការបង្កើនហិរញ្ញប្បទានសម្រាប់ធម្មជាតិ៕ដោយ៖សតារា