ភ្នំពេញ៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ រួមមាន ៖
១. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
២. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំផ្ទៃក្នុងខាងលើ ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៣ នៃវិមានរដ្ឋសភា។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំង២ខាងលើនេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបញ្ជូនមកសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន ៣មាត្រា។
សេចក្តីព្រាងច្បាប់ទាំង២នេះ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ សម្រេចប្រគល់ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕
ដោយ៖សិលា