ប្រភពព័ត៌មានពីកម្លាំងប៉ូលិស បារាំងបានឲ្យដឹងថា សកម្មភាពរុះរើទីតាំងជនភៀសខ្លួនដែលមាន មនុស្សប្រមាណ ៧០០នាក់រស់នៅទីនោះ តាំងពីព្រឹកថ្ងៃទី២៩ខែកញ្ញា។
នៅព្រឹកថ្ងៃទី២៩ខែកញ្ញា (ពេលវេលានៅបារាំង) កម្លាំងប៉ូលិសបានទៅកាន់កំពង់ផែរុះរើទីជំរំជនភៀសខ្លួន នៅកំពង់ផែ Calais ភាគខាងជើងប្រទេសនេះ ។ ក្រុមជនភៀសខ្លួននៅទីនោះមានបំណងចង់ទៅកាន់អង់គ្លេស ស្វែងរកឱកាសការងារល្អជាងនៅបារាំង ។ ជនភៀសខ្លួនទាំងនោះមានគោលបំណងឆ្លងកាត់ដែនសមុទ្រ Manche។
នៅក្នុងឆ្នាំនេះ មានពលរដ្ឋរាប់ពាន់នាក់ មិនខ្វល់ពីគ្រោះថ្នាក់ឡើយបានព្យាយាមឆ្លងកាត់ដែនសមុទ្រ ទៅកាន់ប្រទេសអង់គ្លេស។ ក្រុមជនភៀសខ្លួនទាំងនោះតែងតែផ្តល់ប្រាក់ជាច្រើនដល់ក្រុមជួញដូរមនុស្សដើម្បីទៅកាន់ប្រទេសអង់គ្លេស។
រដ្ឋាភិបាលអង់គ្លេស បានស្នើដល់ ប្រធានាធិបតីបារាំង Emmanuel Macron ធ្វើសកម្មភាពឲ្យបានច្រើនជាងនេះក្នុងការទប់ស្កាត់ពលរដ្ឋភៀសខ្លួនទៅកាន់ទឹកដីអង់គ្លេស។
រដ្ឋាភិបាលអង់គ្លេសបានលើកឡើងថា ចំនួនជនភៀសខ្លួនឆ្លងកាត់ដែនសមុទ្រManche ចូលទៅកាន់ប្រទេសអង់គ្លេសមានចំនួនច្រើនមិនអាចទទួលយកបានឡើយ។
ជាមួយគ្នានោះដែរ រដ្ឋាភិបាលបារាំងបានបង្កើនការយាមល្បាតនៅតាមព្រំដែន ទប់ស្កាត់ពលរដ្ឋដែលមកពីប្រទេស អាហ្វហ្គានីស្ថាន អុីរ៉ាក់ អុីរ៉ង់ ស៊ីរី និងប្រទេសទ្វីបអាហ្វ្រិក ព្យាយាមចូលមកកាន់តំបន់អឺរ៉ុប៕ដោយ៖ធី រីណា