នៅថ្ងៃទី១ ខែតុលា រុស្ស៊ី បារាំង និងអាមេរិក បានស្នើដល់កម្លាំងទាហាន អាហ្ស៊ែបៃហ្សង់ និង អាមេនី អនុវត្តបទឈប់បាញ់គ្នាជាបន្ទាន់ ហើយវិលត្រឡប់ចូលតុពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ ។
នៅក្នុងសេចក្តីប្រកាសរួម ប្រធានាធិបតីទាំង៣បានបញ្ជាក់ថា «យើងសូមអំពាវនាវដល់មេដឹកនាំ អាមេនី និង អាហ្ស៊ែបៃហ្សង់សន្យាតភ្ជាប់កិច្ចពិភាក្សាដោយគ្មានលក្ខខណ្ឌ »។
ជាមួយគ្នានេះដែរ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រឆាំងទៅលើសកម្មភាពរបស់អាមេរិក រុស្ស៊ី និងបារំាង ក្នុងការស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Caucasus ដោយយកមូលហេតុថា មិនបានយកចិត្តទុកដាក់ទៅលើវិវាទដែលបានកើតឡើងនៅទីនោះរយៈពេល៣០ឆ្នាំកន្លងមក។
ប្រធានាធិបតីតួកគី លោក Erdogan បញ្ជាក់ទៀតថា សន្តិភាពយូរអង្វែងអាចនឹងកើតឡើងនៅតំបន់នោះ លុះត្រាតែ ប្រទេសអាមេនី ដកទាហានចេញពី Nagorny – Karabakh ។ ប្រធានាធិបតីតួកគីបានបញ្ជាក់ទៀតថា« ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែង គឺអាស្រ័យទៅលើប្រទេសអាមេនី ។ បើអាមេនីដកទាហានចេញពីទឹកដីអាហ្ស៊ែបៃហ្សង់នោះសន្តិភាពនឹងកើតមានឡើង»។
ការវាយប្រហារគ្នា បានផ្ទុះឡើងតាំងពីថ្ងៃទី ២៧ ខែកញ្ញា រហូតមកដល់ពេលនេះបណ្តាលឲ្យទាហានទាំងសងខាងរងការខាតបង់យ៉ាងច្រើន ទាំងសម្ភារនិងអាយុជីវិតទាហាន និងពលរដ្ឋ ៕ដោយ៖ធី រីណា