ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ស ខេង ៖ ខ្ញុំវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៩ខែ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បានថ្លែងថា៖ ខ្ញុំវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

សម្តេចមានប្រសាសន៍ថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ!..! នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន២៤៣០លើក ថយចុះ៧២៩លើក ស្មើនឹង២៣,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩។ រយៈពេល៩ខែកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរហូតដល់ទៅ៣១៥៩លើក។

អត្រាគ្រោះថ្នាក់ថយចុះ ធ្វើឲ្យអត្រាអ្នកស្លាប់ក៏បានថយចុះ! នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលថយចុះមកនៅត្រឹម២៤៣០លើកនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ២៦៤នាក់ ស្មើនឹង១៧,៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ រយៈពេល៩ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន១៥២១នាក់។

ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាណ៍វិញ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ អ្នករងបួសមានចំនួន៣៦៦៣នាក់ បានថយចុះ១០៥៨នាក់ ស្មើនឹង២២,៤១ភាគរយ បើធៀបនឹងរយៈពេល៩ខែដូចគ្នាកាលឆ្នាំ២០១៩ ដែលអ្នករងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលនោះ មានរហូតដល់ទៅ៤៧២១នាក់។

ផ្អែកលើលទ្ធផលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ ដោយគ្មានការនឿយហត់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត។

ខ្ញុំព្រះករុណា ខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិទាំងមូល និងអ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន និងគ្រប់ពេលធ្វើដំណើរ ធ្វើឲ្យអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សំគាល់ជាបន្តបន្ទាប់។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំសូមបន្តការអំពាវនាវដល់ប្អូនជនរួមជាតិទាំងអស់! អំពាវនាវដល់អ្នកបញ្ជាយានយន្តទាំងអស់! សូមប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និងសូមស្នើថ្នាក់ដឹកនាំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តបំពេញភារកិច្ចដ៏ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕

សូមអរព្រះគុណ និងសូមអរគុណ!

ដោយ៖សុខ ខេមរា


ចែករំលែក៖