អន្តរជាតិ៖ ខណៈការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតសកល (COVID-19) ជម្រុញឲ្យប្រជាជនរាប់លាននាក់នៅអាមេរិកឡាទីន បានកែប្រែទម្លាប់ពីមុនដែលធ្លាប់ទៅផ្សារទិញទំនិញ បែរងាកទៅធ្វើការទិញទំនិញតាមអនឡាញវិញ។ មិនតែប៉ុណ្ណោះបានធ្វើឲ្យវិស័យឧស្សាហកម្មពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិករបស់អាមេរិកឡាទីន បាននិងកំពុងតែរីកចម្រើនខ្លាំងឡើងគួរឲ្យកត់សម្គាល់ ។
បើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញាឆ្នាំ២០២០ម្សិលមិញថា៖ វិស័យនេះគឺជាផ្នែកមួយនៃការយកឈ្នះដ៏ចម្បងលើជំងឺឆ្លងរាតត្បាតសកល COVID-19 ដោយប្រជាជនទាំងអស់អាចអនុវត្តវិធានការស្ថិតនៅផ្ទះ ដោយមិនមានការភ័យខ្លាច ចំពោះការឆ្លងរីករាលដាលបន្ថែម។
ជាមួយគ្នានោះ លោក អូស្កា ស៊ីលវ៉ា (Oscar Silva) អ្នកជំនាញផ្នែកយុទ្ធសាស្រ្តសកល បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា៖«ជនជាតិអាមេរិកឡាទីនជាង ១០លាននាក់ដែលមិនធ្លាប់ទិញទំនិញ តាមរយៈប្រព័ន្ធអនឡាញសោះ តែឥឡូវនេះពួកគេបែរជាងាកមកធ្វើវាជាប្រចាំទៅវិញ»។
ដោយឡែកសន្ទុះនៃការលក់ទំនិញ នៅក្នុងតំបន់អាមេរិកឡាទីនដែលលេចធ្លោជាងគេនោះ គឺមិនមែនជាក្រុមហ៊ុន Amazon ឬ eBay នោះទេប៉ុន្តែគឺជាក្រុមហ៊ុន មឺខាដូលីប្រេ (Mercado Libre) ដែលមានគំរូអាជីវកម្មស្រដៀងគ្នាទៅនឹងក្រុមហ៊ុនខាងលើ និងមានវត្តមាននៅក្នុងប្រទេសចំនួន១៨ នៅអាមេរិកឡាទីនតែម្តង។ ទោះបីជាមានវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺឆ្លងរាតត្បាតសកល COVID-19 ក៏ដោយក៏ក្រុមហ៊ុនអាហ្សង់ទីនមួយនេះ បានរីកចម្រើនទ្វេដងលើការលក់ទំនិញរបស់ខ្លួន នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២០នេះផងដែរ ដោយសារការកើនឡើងនូវអតិថិជនរហូតដល់៥១.១លាននាក់ឯណោះ ឬស្មើនឹងកំណើន ៤៥ភាគរយបើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៩។
បន្ថែមពីនេះ លោក Silva ក៏បានគូសបញ្ជាក់បន្ថែមថា «ទំហំមូលធនរបស់ខ្លួនក្នុងទីផ្សារបានឈានដល់ ៥៥ពាន់លានដុល្លារអាមេរិកហើយដែលជាដៃគូប្រកួតប្រជែងដ៏ធំមួយជាមួយក្រុមហ៊ុនរុករករ៉ែប្រេស៊ីល វ៉ាល់ (Vale) និងកំពុងឈានទៅយកតំណែង ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅអាមេរិកឡាទីន»។
បើតាមលោក Oscar Silva អ្នកជំនាញផ្នែកយុទ្ធសាស្រ្តសកល បញ្ជាក់ទៀតថា ប្រជាជនមួយចំនួនមានការភ័យខ្លាច ចំពោះទំនិញដែលទិញតាមរយៈប្រព័ន្ធអនឡាញនោះ នឹងមិនដូចអ្វីដែលពួកគេបានរំពឹងទុក ប៉ុន្តែប្រជាជនភាគច្រើននៅតែបន្តគាំទ្រដដែលបន្ទាប់ពីដឹងថា ការធ្វើពាណិជ្ជកម្មតាមរយៈប្រព័ន្ធអនឡាញនេះ មានភាពងាយស្រួល និងមានប្រសិទ្ធភាព៕ដោយ៖ស តារា