ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ប៉ូលិសស័ក្តិ៤កន្លះបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅខណ្ឌមានជ័យ ព្រោះភ្លើងប្រចណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ មានអំពើឃាតកម្មមួយករណីទៀតហើយនាព្រលប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ ដែលផ្តើមឡើងពីភ្លើងប្រចណ្ឌ ដោយប្តីមានតួនាទីជាមន្ត្រីនគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយគួរឱ្យរន្ធត់បំផុត ។

អំពើឃាតកម្មនេះបានកើតឡើងនៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ប្តីរូបនេះមានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ឆ្នាំ ។ ចំណែកប្រពន្ធមានឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ។ 

ចំពោះមូលហេតុនៃអំពើឃាតកម្មនេះត្រូវបានលោកអធិការខណ្ឌមានជ័យអះអាងជាបឋមថា កើតឡើងពីភ្លើងប្រចណ្ឌ ដោយប្រពន្ធបានប្រចណ្ឌប្តីដែលប្រជុំយូរៗពេក ពេលមកដល់ផ្ទះវិញទើបកើតជម្លោះនឹងគ្នា ឈានដល់ការបាញ់សម្លាប់ប្រពន្ធ រួចមកបានបាញ់សម្លាប់ខ្លួនឯងតែម្តង។

ទោះបីយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញករណីនេះ ៕ ដោយ៖ចេស្តា


ចែករំលែក៖