ភ្នំពេញ៖ គ្មានអ្វីធ្ងន់ជាងគុណម្តាយទេ គ្មានអ្វីដែលមានទម្ងន់ស្មើនោះឡើយ…
គ្មានអ្វីបាបជាងការធ្វើបាបលើផ្លូវកាយ ចិត្ត វាចាលើម្តាយទេ គឺមានបាបកម្មធ្ងន់ណាស់…
គ្មានអ្វីធំជាងសមុទ្រទឹកភ្នែកអ្នកម្តាយទេ ទោះហែលឆ្លងយ៉ាងណាក៏មិនផុត…
គ្មានអ្វីជ្រៅជាងទឹកចិត្តរបស់អ្នកម៉ែទេ វាស់ស្ទង់ដោយប្រើឧបករណ៍កម្រិតណាក៏មិនដឹងជម្រៅ…
ត្រូវចងចាំថា…កើតមកមួយជីវិតនេះ ចាំបាច់ដឹងថានរណាជាអ្នកផ្តល់កំណើតឲ្យអ្នក? ហើយត្រូវតបស្នងសងព្រះគុណឲ្យបានទាន់ពេលដែលមានឱកាស គឺទាន់ខែនៅភ្លឺ កុំរួញរា កុំអូសបន្លាយដល់ខែងងឹត ឬដល់ពេលត្រូវប្រើពាក្យថា«គ្មានឱកាស» ត្រូវស្រលាញ់គាត់ឲ្យអស់ពីចិត្ត និងបេះដូងណា៎!!!
ពាក្យថា ” ម៉ែ ” ខ្លីពិត ហើយតើមានកូនក្នុងលោកប៉ុន្មានដែលយល់ពីពាក្យនេះ!ណាកូនមាសម្តាយ..!
នៅពេលដែលអ្នកម្តាយដឹងខ្លួនថា កូនមាសម្តាយបានមកចាប់កំណើតនៅក្នុងផ្ទៃម្តាយ កូនដឹងទេថាម្តាយសប្បាយរីរាយប៉ុណ្ណា ? ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយនោះ ក្នុងចិត្តរបស់អ្នកម្តាយក៏ចាប់ផ្តើមភ័យបារម្ភ ហើយការបារម្ភនោះមិនមែនម្តាយបារម្ភខ្លាច ម្តាយលែងស្អាត ឬភ័យនឹងការនឿយហត់នោះទេ គឺបារម្ភ ពីសុខភាពរបស់កូនមាសម្តាយ ម្តាយចាប់ផ្តើមចេះប្រុងប្រយ័ត្ន លើការលើកដាក់ ការដើរហើរ ជាពិសេសចាប់ផ្តើមជ្រើសរើសអាហារណាដែលគួរញាំ និងមិនគួរញាំ។
នៅថ្ងៃប្រសូត្រមកដល់….. ពេលកូនមាសម្តាយប្រសូត្រចេញមកម្តាយក៏នៅតែបារម្ភ តើកូនមាសម្តាយប្រសូត្រមកពេញលក្ខណៈដែរឬទេ ?
ពេលកូនចម្រើនវ័យ…. បន្តិចម្តងៗ កូនរបស់ម្តាយចាប់ផ្តើមវិវត្តន៍ ការបារម្ភរបស់ម្តាយនៅតែមានគ្រប់ពេល កូនដឹងទេ ពេលកូននៅតូច ម៉ែប្រើពេលវេលាទាំងអស់ ដើម្បីបង្រៀនអោយកូនចេះប្រើស្លាបព្រា ប្រើចង្កឹះចាប់ម្ហូបអាហារ បង្រៀនកូនអោយចេះពាក់ស្បែកជើង បង្រៀនកូនអោយចេះស្លៀកពាក់ខោអាវ ងូតទឹកអោយកូន ជួតសំអាតលាមកអោយកូន ទាំងអស់នេះម៉ែមិនដែលភ្លេច…ហើយម៉ែមិនធុញទ្រាន់ឡើយ។
ប្រសិនបើថ្ងៃណាមួយ… ម៉ែចាំអ្វីៗលែងបាន ឬអាចនិយាយយឺត ឬមិនច្បាស់ សុំកូនមាសម្ដាយឲ្យពេលវេលាម៉ែបន្តិច រងចាំម៉ែបានទេ អោយពេលវេលាម៉ែបានគិត រកនឹកពាក្យដែលត្រូវនិយាយជាមួយកូនមាសម្តាយ…ផងណាកូន..!
ពេលខ្លះ អ្វីដែលម៉ែចង់និយាយជាមួយកូន ម៉ែបែជាមិនអាចនិយាយជាមួយកូនបានទៀតហើយ…
កូនសម្លាញ់ កូនចាំបានទេ ម៉ែត្រូវបង្រៀនកូនប៉ុន្មានរយដងដើម្បីអោយកូនចេះនិយាយពាក្យថាម៉ែបាន…
ម៉ែសប្បាយចិត្តប៉ុនណា ពេលដែលកូនអាចនិយាយបាន ម៉ែបានឆ្លើយសំនួរកូនប៉ុន្មានរយដង ទំរាំកូនយល់នៅអ្វីដែលកូនមិនយល់…..ចឹងហើយ… ប្រសិនបើថ្ងៃណាមួយ ម៉ែសួរកូនម្ដងហើយម្ដងទៀត ជាមួយនឹងរឿងដដែលៗ សុំកូនកុំធុញទ្រាន់បានអត់?
ពេលនោះម៉ែអាចដោះលេវអាវមិនបាន ពេលហូបអាហារអាចប្រលាក់ខោអាវ កូនកុំបន្ទោសម៉ែបានអត់ ?
សុំអោយកូនអត់ធ្មត់ ទន់ភ្លន់ជាមួយម៉ែបានអត់?
សុំត្រឹមកូននៅក្បែរខាងៗម៉ែ ម៉ែក៏កក់ក្ដៅ….ណាស់..កូនសម្លាញ់…. ថ្ងៃនេះជើងរបស់ម៉ែចាប់ផ្ដើមអស់កំលាំង ឈរមិនសូវបានយូរ ដើរហើរលំបាក សុំអោយកូនចាប់ដៃម៉ែ ហើយប្រគ្រងម៉ែ ដូចថ្ងៃដែលកូនរៀនដើរ ម៉ែក៏ប្រគ្រងកូនដូចគ្នា.
មួយវិញទៀត….. ប្រសិនបើថ្ងៃណាមួយម៉ែលែងដឹងខ្លួន ធ្វើការបន្ទោរបង់មិនត្រឹមត្រូវ សូមកូនមាសម្តាយកុំខ្ពើមរអើម នឹងកុំខឹងនឹងម៉ែ ហើយឲ្យម៉ែសុំទោសកូនទុកជាមុន ព្រោះនេះមិនមែនជាបំណងរបស់ម៉ែនោះទេ ណាកូនសម្លាញ់
បើថ្ងៃមួយមកដល់….. ប្រសិនជាថ្ងៃមួយមកដល់ ម៉ាក់មិនអាចញញឹមដាក់កូនបាន មិនអាចឆ្លើយជាមួយកូនបាន ពេលនោះកូនមាសម្តាយកុំខឹងនឹងម្តាយឲ្យសោះណាកូនសម្លាញ់ ព្រោះពេលនោះមានន័យថាម៉ែបានចាកចេញពីកូនទៅកាន់ពិភពមួយដ៏ឆ្ងាយ សូមកូនមាសម្តាយកុំពិបាកចិត្ត កុំយំ ត្រូវតាំងចិត្តឲ្យបានណាកូនមាសម្តាយ តែគ្រាន់តែកូនចាំអ្នកម្តាយម្នាក់នេះនៅតែបារម្ភ និងគិតពីកូនមាសម្តាយជានិច្ចណាកូនសម្លាញ់ ។
បើសំណេរនេះមាន មានកំហុសឆ្គងសូមអធ្យាស្រ័យផង៕
ដោយ៖ សិលា