ប្រភពព័ត៌មានបានផ្សាយថា ជប៉ុន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នា ស្តីពីការបើកទ្វារសម្រាប់អ្នកទេសចរ រយៈពេលខ្លី និងរយៈពេលវែងដល់ពលរដ្ឋប្រទេសទាំងពីរ។ តាមគម្រោងប្រទេសទាំងពីរ នឹងបើកជើងហោះហើរនៅក្នុងខែតុលានេះ។
ចំពោះអ្នកទេសចររយៈពេលខ្លីអាចនឹងមិនត្រូវធ្វើចត្តាឡីស័កដោយបង្ខំរយៈពេល២សប្តាហ៍ឡើយ ប្រសិនបើបានផ្តល់លិខិតស្នាម បញ្ចាក់ថាបានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ហើយព័ត៌មានស្តីពីការរស់នៅនិងធ្វើដំណើរមិនធ្លាប់ទៅកាន់តំបន់មានករណីឆ្លងច្រើន។
ចំពោះអ្នកទៅរស់នៅរយៈពេលយូរពលករ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ កិច្ចព្រមព្រៀង ខាងលើនេះរវាងទីក្រុងតូក្យូ នឹងសេអ៊ូលនឹងមានប្រសិទ្ធភាពនៅក្នុងខែតុលានេះ។
សកម្មភាពដំណើរការវិស័យទេសចរណ៍ គឺដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ រដ្ឋាភិបាលជប៉ុន សង្ឃឹមថានឹងតភ្ជាប់ជើងហោះហើរក្នុងពេលឆាប់ៗ ហើយជើងហោះហើរនោះនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីជប៉ុនគាន់តែល្អប្រសើរថែមទៀត។
រដ្ឋាភិបាលទីក្រុងតូក្យូបានបិទព្រំដែនចំពោះអ្នកទេសចរពីកូរ៉េខាងត្បូង និងប្រទេសជុំវិញពិភពលោកនៅខែមេសាដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ បើទោះបីពេលនេះជប៉ុននៅតែឲ្យពលរដ្ឋរបស់ខ្លួនដែលចូលមកពីក្រៅប្រទេសត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ ប៉ុន្តែសម្រាប់អ្នកទេសចររយៈពេលខ្លី គឺមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។
តាមមន្ត្រីក្រសួងទេសចរណ៍ជប៉ុនបានឲ្យដឹងថា កូរ៉េខាងត្បូងឈរលំដាប់ទីពីរ ពីចំនួនភ្ញៀវទេសចរទៅកាន់ជប៉ុនក្នុងឆ្នាំ២០១៩ គឺមានដល់ទៅ៥,៥៨ លាននាក់ បន្ទាប់ពីប្រទេសចិន ។ ក្នុងចំណោមអ្នកទេសចរកូរ៉េខាងត្បូងទៅកាន់ជប៉ុន មានដល់ទៅជាង៣សែននាក់ មានគោលដៅធ្វើអាជីវកម្ម អ្នកជំនួញ។
ជាមួយគ្នានេះជប៉ុនក៏បានពិភាក្សាជាមួយ១៦ប្រទេសផ្សេងទៀត ដើម្បីតភ្ជាប់ជើងហោះហើរ។ កន្លងមកជប៉ុន ក៏បានបើកទ្វារទទួលអ្នកទេសចររយៈពេលយូរមកពី៩ប្រទេសក្នុងតំបន់ ក្នុងនោះមាន វៀតណាម សិង្ហបុរី ប្រ៊ុយណេ តៃវ៉ាន់ ម៉ាឡេស៊ី…៕
ដោយ៖ធី រីណា