ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី៥ ខែតុលាថា កងពលមួយនៃកម្លាំងទាហានជើងគោកប្រទេសនេះស្ថិតនៅទីក្រុង Pocheon ខេត្ត Gyeonggiចំនួន៣៥នាក់បានឆ្លងកូវីដ-១៩។ ការរកឃើញនេះគឺបន្ទាប់ពីមួយថ្ងៃដែលរកឃើញទាហានម្នាក់ឆ្លងកូវីដ-១៩ សរុបមានទាហាន៣៦នាក់ឆ្លង។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា បានធ្វើតេស្តទាហានទាំងអស់២៣០នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លងទីមួយ ។ នៅពេលនេះ មិនទាន់ដឹងពីប្រភពឆ្លងកូវីដ-១៩នៅឡើយទេ។
កម្លាំងទាហានកូរ៉េខាងត្បូងបានត្រួតពិនិត្យយ៉ាងតឹងតែងបំផុតដល់ទាហានដែលសម្រាកច្បាប់ និងចេញទៅក្រៅបន្ទាយ។ ទាហានអនុញ្ញាតឲ្យចេញទៅក្រៅក្នុងករណី ឈឺធ្ងន់ រៀបការនិងឈប់សម្រាកលើកដំបូង។ ការអនុញ្ញាតច្បាប់ អាស្រ័យទៅលើតំបន់ដែលមិនមានករណីឆ្លងទៀត បើតំបន់នោះមានអ្នកឆ្លងច្រើនគឺមិនអនុញ្ញាតនោះឡើយ។
នៅពេលនេះមន្ត្រីទទួលខុសត្រូវកំពុងតែត្រួតពិនិត្យករណីសម្រាកច្បាប់ចេញទៅក្រៅនាពេលកន្លងមក ។ ទាហានម្នាក់រកឃើញឆ្លងដំបូងគេគឺធ្លាប់បានទៅកាន់ទីក្រុងសេអ៊ូលក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦-២៧ខែកញ្ញា។ នៅពេលនេះក្រុមជំនាញកំពុងតែត្រួតពិនិត្យទីតាំងណាខ្លះដែលទាហានរូបនោះបានទៅ។
គិតមកដល់ថ្ងៃទី៥ ខែតុលានេះ កូរ៉េខាងត្បូង មានករណីឆ្លងកូវីដក្រោម១០០នាក់ក្នុង១ថ្ងៃ ឈានចូលថ្ងៃទី៥ហើយ ជារឿងដ៏ល្អបំផុត។ បច្ចុប្បន្នកូរ៉េខាងត្បូង មានករណីឆ្លងសរុប ២៤.០៩១ និងស្លាប់៤១៦នាក់៕ដោយ៖ធី រីណា