សហព័ន្ធបាល់ទាត់កូឡុំប៊ី (FCF) បានឲ្យដឹងកាលពីម្សិលមិញថាខ្សែប្រយុទ្ធដែលមិនបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកន្លងមក គឺកីឡាករ John Cordoba ត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងវេណេហ្ស៊ូយអេឡា និងឈីលី។ Cordoba រកបាន២គ្រាប់ក្នុង៣ប្រកួតនៅ Bundesliga ក្នុងរដូវកាលនេះបន្ទាប់ពីផ្លាស់ចូលខែកញ្ញាពីក្លិប Koln ។
កីឡាករវ័យ២៣ឆ្នាំមកពីក្លិប Hertha Berlin រូបនេះបានជំនួសកីឡាករខ្សែប្រយុទ្ធស្លាបមកពីក្លិប Porto កីឡាករ Luis Diaz ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីបានទាក់ទងជាមួយមនុស្សដែលឆ្លងកូវីដ-១៩នៅប្រទេសព័រទុយហ្គាល់។សេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់កូឡុំប៊ីបានឲ្យដឹងថា កីឡាករLuis Diaz ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងក្រុមដោយសារតែពិធីសារ និងបទប្បញ្ញត្តិអនាម័យដែលបង្កើតឡើងដោយអាជ្ញាធរមូលដ្ឋាននៅក្នុងប្រទេសព័រទុយហ្គាល់។
កូឡុំប៊ីនឹងត្រូវជួបប្រកួតជាមួយវេណេហ្ស៊ុយអេឡានៅកីឡដ្ឋានBarranquilla នៅថ្ងៃសុក្រនិងប៉ះជាមួយឈីលីនៅកីឡដ្ឋាន Santiago នៅ៤ថ្ងៃក្រោយក្នុងការប្រកួតបើកឆាកនៃការប្រកួតជម្រុះ World Cup ២០២២ ក្នុងប្រទេសតំបន់អាមេរិកខាងត្បូង ៕ដោយ៖ភារៈ