អន្តរជាតិ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី៦ខែតុលា ឆ្នាំ២០២០ បាននិយាយថា ដើម្បីបោះជំហានឆ្ពោះទៅរកការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19របស់ប្រទេសចិនជាអន្តរជាតិក្រោមលក្ខខណ្ឌបន្ទាន់ ពេលនេះចិន និង WHO កំពុងពិភាក្សាគ្នាលើការវាយតម្លៃវ៉ាក់សាំងនេះ ដែលផលិតក្នុងស្រុករបស់ខ្លួន។
បើតាមការអះអាងពីអ្នកសម្របសម្រួលរបស់ WHO ផ្នែកវេជ្ជសាស្ត្រនិងបច្ចេកវិទ្យាសុខភាពនៅតំបន់ប៉ាស៊ីហ្វិកខាងលិច លោក Socorro Escalate បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែតុលាថា ចិនបានពិភាក្សាជំហានបឋមជាមួយ WHO ដើម្បីឲ្យវ៉ាក់សាំងរបស់ខ្លួនមានក្នុងបញ្ជីវ៉ាក់សាំងសម្រាប់ការប្រើប្រាស់បន្ទាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
លោក Escalate បានអះអាងទៀតថា តាមរយៈបញ្ជីបន្ទាន់នេះ វ៉ាកសាំងដែលមានសក្ដានុពល អាចត្រូវបានវាយតម្លៃតែម្ដង ហើយបន្ទាប់មកអាចត្រូវបានបញ្ជូនចេញតែម្ដង។ ចំណែកការមានឈ្មោះក្នុងបញ្ជីប្រើប្រាស់បន្ទាប់របស់ WHO អនុញ្ញាតឲ្យវ៉ាក់សាំង និងវិធីសាស្ត្រព្យាបាលដែលមិនទាន់មានអាជ្ញាបណ្ណ អាចបង្កើនល្បឿនក្នុងការផ្ដល់ឲ្យប្រជាជនទូទៅ។
សូមជម្រាបថា កាលពីខែមុន ប្រទេសអារ៉ាប់រួម ក៏បានអនុញ្ញាតឲ្យប្រើជាបន្ទាន់វ៉ាក់សាំងរបស់ក្រុមហ៊ុន CNBG ។ នេះជាលើកដំបូងដែលវ៉ាក់សាំង COVID-19 ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ករណីអាសន្ន។ ជាមួយគ្នានេះផងដែរ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយកាលពីខែមុនថា លោកនឹងផ្តល់អាទិភាពដល់ចិននិងរុស្ស៊ីនៅក្នុងការបញ្ជាទិញវ៉ាក់សាំងរបស់ប្រទេសលោក។
គួរបញ្ជាក់ថា បើគិតមកដល់ពេលនេះ ចិនមានវ៉ាក់សាំងដែលកំពុងពិសោធយ៉ាងតិចចំនួន៤ ដែលឈានដល់ដំណាក់កាលចុងក្រោយនៃការសាកល្បង។ វ៉ាក់សាំងពីរត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន China National Biotec Group (CNBG) ដែលគាំទ្រដោយរដ្ឋាភិបាលហើយវ៉ាក់សាំងពីរទៀតអភិវឌ្ឍដោយ Sinovac Biotech and CanSino Biologics។ វ៉ាក់សាំងទាំងនេះត្រូវបានធ្វើតេស្តនៅក្នុងប្រទេសដូចជា ប៉ាគីស្ថាន ឥណ្ឌូណេស៊ី ប្រេស៊ីល រុស្ស៊ី និងអារ៉ាប់រួមអេមីរ៉ាត់។
បច្ចុប្បន្ននេះ នៅប្រទេសចិន អ្នកធ្វើការក្នុងវិស័យសំខាន់រាប់ពាន់នាក់ និងក្រុមមនុស្សផ្សេងៗទៀតដែលត្រូវបានចាត់ទុកជាអ្នកមានហានិភ័យខ្ពស់ទទួលបានការផ្តល់វ៉ាក់សាំងដែលអភិវឌ្ឍក្នុងស្រុក។ ខណៈការធ្វើតេស្តមិនទាន់បានបញ្ចប់ពេញលេញ វាបានបង្កើនក្តីបារម្ភពីសុវត្ថិភាពក្នុងចំណោមអ្នកជំនាញផងដែរ៕ដោយ៖ស តារា