ព័ត៌មានទាន់ហេតុការណ៍៖

លើកទីមួយក្នុងប្រវត្តិសាស្ត្រ ​អង្គការពាណិជ្ជកម្មពិភពលោកនឹងមានស្ត្រីជាប្រធាន

ចែករំលែក៖

អ្នកនាំពាក្យអង្គការពាណិជ្ជកម្មពិភពលោក ​(WTO) បានប្រកាសថា អង្គការនេះនឹងមានស្ត្រីជាប្រធានលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយនៅពេលនេះសល់តែបេក្ខភាព​​ពីររូប​ប៉ុណ្ណោះដែលនឹងត្រូវប្រកួតប្រជែងគ្នាកាន់តំណែងដ៏សំខាន់នេះ គឺជាស្ត្រីទាំងពីររូប​។
បេក្ខភាពសម្រាប់តំណែងប្រធាន(WTO) គឺលោកស្រីNgozi Okonjo-Iweala ​មកពីប្រទេសនីហ្សេរីយ៉ា និងលោកស្រីYoo Myung-hee មកពីកូរ៉េខាងត្បូង​។ ចំណែកបេក្ខភាពមកពីតំបន់អាមេរិក អឺរ៉ុប បានធ្លាក់នៅក្នុងការបោះឆ្នោតជ្រើសរើសជុំទីពីរ​។
អ្នកនាំពាក្យ​អង្គការពាណិជ្ជកម្មពិភពលោក​ ​(WTO) បានឲ្យដឹងថា អង្គការនេះប្រាកដជាមានស្ត្រីដឹកនាំជាលើកដំបូង​ ក្រោយ​បេក្ខភាពមកពីប្រទេសកូរ៉េខាងត្បូង និង នីហ្សេរីយ៉ា បានយកឈ្នះឈានចូលការបោះឆ្នោតសម្រេចជាលើកចុងក្រោយ ។
ក្នុងការបោះឆ្នោតជុំទីពីរ បេក្ខភាព ល្បីៗជាច្រើនរូបមកពីតំបន់អឺរ៉ុបនិងអាមេរិក ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស លោក Liam Fox និងបេក្ខភាពមកពី​អារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវបរាជ័យ ។
ការបោះឆ្នោតជ្រើសរើស​អគ្គនាយក​WTOបានចាប់ផ្តើមតាំងពីថ្ងៃទី ១៤ខែឧសភា ដោយការជ្រើសរើសមាន​៣ដំណាក់កាល ក្រោយពេលអគ្គនាយក WTO លោក Roberto Azevedo លាលែងចេញពីតំណែង​៕ដោយ៖ធី រីណា


ចែករំលែក៖