មកទល់ពេលនេះមិនទាន់មានប្រព័ន្ធផ្សព្វផ្សាយណាមួយផ្សាយពាក់ព័ន្ធនឹងសកម្មភាពដង្ហែក្បួនព្យុហយាត្រទ្រង់ទ្រាយធំរបស់កូរ៉េខាងជើង ក្នុងឱកាសខួប៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។
អគ្គមេបញ្ជាការកម្លាំងទាហានចម្រុះ កូរ៉េខាងត្បូង (JSC) បានបញ្ជាក់ថា កូរ៉េខាងជើងដូចជាបានដង្ហែក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ តាំងពីព្រឹកម៉ោង៤ទៀបភ្លឺថ្ងៃទី ១០ខែតុលា។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា «មានសញ្ញាជាច្រើនបង្ហាញឲ្យឃើញថា ការដង្ហែក្បួនព្យុហយាត្រាទ្រង់ទា្រយធំដោយមានអាវុធទំនើបៗជាច្រើន បានធ្វើឡើងនៅទីលាន គីម អុីលស៊ុង នាព្រឹកថ្ងៃទី១០ខែតុលានេះ»។
តាមការប្រកាសរបស់ JSCដែលផ្អែកទៅតាមរបាយការណ៍ពីក្រុមចារកម្មអាមេរិក និងកូរ៉េខាងត្បូងដែលតាមដានសកម្មភាពនោះ បង្ហាញឲ្យឃើញថា ពេលនេះមិនទាន់ដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចូលរួមដែរឬទេ ហើយមានអាវុធទំនើបប្រភេទណាខ្លះបានចូលរួមក្នុងពិធីដង្ហែក្បួននោះ។
ពីធីដង្ហែក្បួនព្យុហយាត្រាលើកនេះគឺជារឿងសំខាន់របស់កូរ៉េខាងជើង ប៉ុន្តែមិនទាន់មានអ្នកណាម្នាក់ដឹងថា ហេតុអ្វីបានជាសារព័ត៌មានទីក្រុងព្យុងយ៉ាង មិនទាន់ផ្សព្វផ្សាយព័ត៌មាន។
ប្រភពព័ត៌មានពីកូរ៉េខាងត្បូងបានបញ្ជាក់ថា រាល់សកម្មភាព គឺបានថតទុកហើយមកដល់ថ្ងៃទី១១ខែតុលាទើបបានផ្សព្វផ្សាយ ជាសាធារណៈ៕ដោយ៖ធី រីណា