ព័ត៌មានទាន់ហេតុការណ៍៖

សាររបស់មេដឹកនាំ គីម ជុងអ៊ុន ទៅកាន់ពលរដ្ឋក្នុងទិវា៧៥ឆ្នាំថ្ងៃបង្កើត​បក្ស

ចែករំលែក៖

ការទន្ទឹងរង់ចាំ ទាំងរូបភាព និង សារសំខាន់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ ក្នុងឱកាសខួប​៧៥ឆ្នាំថ្ងៃបង្កើតបក្ស ពេលនេះ បានបង្ហាញជាសាធារណៈហើយ។
ពិធីដង្ហែក្បួនបានធ្វើឡើងតាំងពីព្រឹកព្រលឹមថ្ងៃទី​១០ ខែតុលា ហើយត្រូវបានផ្សព្វផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ជាតិកូរ៉េខាងជើង​​។ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន បានថ្លែង​សុន្ទរកថា​ទៅកាន់ពលរដ្ឋថា អរគុណពលរដ្ឋកូរ៉េខាងជើងដែលបានខិតខំទប់ស្កាត់មិនឲ្យមានករណីឆ្លងកូវីដ​-១៩។ លោកគីម ជុងអ៊ុន បញ្ចាក់ថា «អរគុណដែលមានសុខភាពល្អ​ មិនមានកូវីដ​-១៩ អរគុណច្រើន​»។
ជាមួយគ្នានេះ មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន​បានអរគុណដល់កម្លាំងទាហាន ដែលបានជួយដល់ពលរដ្ឋរងគ្រោះដោយព្យុះនាពេលកន្លងមក ក៏ដូចជាចូលរួម​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​។
នៅក្នុងសុន្ទរកថាដែលចាប់អារម្មណ៍បំផុតនោះ គឺលោកគីម ជុងអ៊ុន បានជូនពរដល់កូរ៉េខាងត្បូងឲ្យឆាប់​ឆ្លងផុត​កូវីដ​-១៩ ហើយពលរដ្ឋ​កូរ៉េទាំងពីរនិឹងសហការ​រួមគ្នា ។ ក្រៅពីនេះ មេដឹកនាំកូរ៉េខាងជើង​ក៏បានជូនពរដល់ពលរដ្ឋ​នៅលើពិភពលោក​មានសុខភាពល្អ ឆ្លងផុតពីជំងឺកូវីដ​-១៩​។
ពាក់ព័ន្ធវិស័យយោធា លោកគីម ជុងអ៊ុន បានលើកឡើងថា កម្លាំងទាហានកូរ៉េខាងជើងបានត្រៀមលក្ខណៈការពារជានិច្ចនិងបង្កើតសមត្ថភាពស្វ័យការពារ​។ លោក មេដឹកនាំកូរ៉េខាងជើង មិនបញ្ចេញឈ្មោះអាមេរិកឡើយ ។
បណ្តាមន្ត្រីការទូត​នៅកូរ៉េខាងជើង មិនបានអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួននាថ្ងៃទី​១០​ខែតុលា​នេះទេ ។ ជាមួយគ្នានោះកូរ៉េខាងជើង ក៏មិនអនុញ្ញាតឲ្យទៅថតរូប​ វីដេអូ​ក្នុងព្រឹត្តិការណ៍លើកទី៧៥ថ្ងៃបង្កើតបក្សនោះដែរ៕ដោយ៖ធី រីណា


ចែករំលែក៖