ព័ត៌មានទាន់ហេតុការណ៍៖

សូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា

ចែករំលែក៖

ភ្នំពេញ៖ សូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា។អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនលាយឡំ ខ្យល់បក់ខ្លាំង និង រលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៤ -២០ ខែតុលា ឆ្នាំ២០២០) របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០។

ក្រសួងធនធានទឹកបានព្យាករថា៖ យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុ ឃើញថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាត សន្ធឹងលើកម្ពុជា ។ នៅលើសមុទ្រចិនខាងត្បូងបានកើត ព្យុះទី១៦ (Tropical Storm ) ឈ្មោះ ណាងកា (NANGKA) ។ តាមការព្យាករព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះ ហៃណាំមុននឹងចូលដល់ភាគខាងជើងវៀតណាមនៅថ្ងៃទី១៥ ខែតុលា ។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី១៦-១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូដែល ( SAUDEL) ដែលមាន កម្លាំងខ្លាំង ។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុចគីញើន ( Qui Nhon ) រួចបន្ថយឥទ្ធិពល ជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើងតាមខេត្តរតនគិរី នាថ្ងៃទី ១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប ។

ស្ថានភាពបែបនេះធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីតិចទៅ បង្គរ ។ នៅថ្ងៃទី១៨-១៩ ខែតុលា បណ្តាលខេត្តនៅវាលទំនាបមួយចំនួន ពិសេសនៅភាគពាយ័ព្យ និងភាគខាងជើងនឹងអាចមានភ្លៀងពីបង្គួរទៅច្រើន ។

២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណ ពី មធ្យមទៅបង្គួរ ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំឱ្យល់ បក់បោក និងរលកសមុទ្រខ្ពស់ៗ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន និង សូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ។ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនលាយឡំ ខ្យល់បក់ខ្លាំង និង រលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ៕

ដោយ៖សិលា


ចែករំលែក៖