ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានបុរស២នាក់ទៀតបានលង់ទឹកស្លាប់ ២ករណីផ្សេងគ្នាគ្រាជំនន់ទឹកភ្លៀងលិចលង់រយៈពេលប៉ុន្មានថ្ងៃនេះ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ នាព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅចណុចព្រៃផ្ដៅ ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ មានករណីលង់ទឹកបណ្ដាលអោយស្លាប់១លើក ដោយបុរសឈ្មោះ ស៊ិន ស៊ន អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មូលហេតុ៖ ជនរងគ្រោះផឹកស្រាស្រវឹងទៅមុជទឹកប្រឡាយក្បែរថ្នល់ បណ្ដាលអោយដួលផ្កាប់មុខស្លាប់ ។
ដោយឡែក៖ ប្រភពព័ត៌មានពីអ្នកភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់វិញ នៅព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល ក៏មានករណីលង់ទឹកបណ្ដាលអោយស្លាប់១លើកដែរ ដោយបុរសឈ្មោះ ម៉ៅ មួន អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ដោយបានចេញទៅរាយមងក៏បណ្ដាលអោយលង់ស្លាប់បែបនេះ ។
ប្រភពដដែលបន្តទៀតថា ករណីលង់ទឹកបណ្ដាលអោយមនុស្ស២នាក់ស្លាប់នេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធសហការចុះស្រាវជ្រាវ និងពិនិត្យ ទើបធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ បុឹម ពិន