ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ ដូច្នេះបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យសល់តែ៣នាក់ប៉ុណ្ណោះ។
-អ្នកជំងឺដែលទើបព្យាបាលជាសះស្បើយទាំង២នាក់រួមមាន៖
ទី១៖ បុរសជនជាបារាំងអាយុ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បានបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ទី២៖ ស្ត្រីជនជាតិឥណ្ឌាអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា (ក្រុងដេលី) មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែតុលានេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២៨៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣នាក់។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យសល់តែ៣នាក់ប៉ុណ្ណោះ៕
ដោយ៖សិលា