ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ១ខ្សែដែលភ្ជាប់ពីស្រុកកំពង់ត្រឡាច ទៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានកាត់ផ្តាច់ទាំងស្រុងមិនអាចធ្វើចរាចរណ៍បាននោះទេ បន្ទាប់ពីទឹកភ្លៀងជន់លិច ហើយហូរកាត់ផ្តាច់ផ្លូវនេះ ។ កាលពីនៅថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។
អាជ្ញាធរស្រុកសាមគ្គីមានជ័យបានឲ្យដឹងថា ផ្លូវដែលដាច់ដោយសារទឹកភ្លៀងនេះ គឺ ភ្ជាប់ពីភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទៅភូមិឈូក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ដែលផ្លូវនេះមានប្រវែងប្រមាណជាង២គីឡូម៉ែត្រ ត្រូវបានទឹកហូរកាត់ផ្តាច់អស់ជាង៥០ម៉ែត្រ មិនអាចឲ្យពលរដ្ឋធ្វើចរាចរណ៍បានទៀតនោះទេ ។
ហើយនៅពេលនេះ កម្លាំងសមត្ថកិច្ច និង អាជ្ញាធររួមជាមួយនិងពលរដ្ឋក្នុងមូលដ្ឋានេះ កំពុងតែនាំគ្នា ជួយគ្នាក្នុងការភ្ជាប់ផ្លូវ ដោយនាំគ្នាច្រកដីដាក់ក្នុងការ៉ុង បាំងទប់ទឹកកុំឲ្យហូរកាត់ផ្តាច់ជាច្រើនទៀត ។
អាជ្ញាធរបានស្នើសុំឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះមេតា្តបង្កើនការប្រុងប្រយ័ត្ន ព្រោះអាចបង្ករការគ្រោះថ្នាក់ជាយថាហេតុបាន ៕ដោយ៖ចន្ថា