ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុននិងកូរ៉េខាងត្បូងនឹងមិនហាមប្រាមក្រុមហ៊ុនហួវៃតាមសំណើអាមេរិកឡើយ

ចែករំលែក៖

ជប៉ុនបានប្រកាសទៅកាន់អាមេរិកថា ទីក្រុងតូក្យូនឹងមិនអាចចូលរួមក្នុងគម្រោងបោះបង់ក្រុមហ៊ុនហួវៃ​ តាមអាមេរិក​ឡើយ ប៉ុន្តែជប៉ុនអាចនឹងចូលរួម​ប្រសិនបើមានការផ្លាស់ប្តូរសមស្របណាមួយ​ដែលជប៉ុនទទួលបាន។
សារព័ត៌មានYomiuri Shimbun ​បានផ្សយថា ជប៉ុន​បានផ្តល់ព័ត៌មានទៅឲ្យអាមេរិកវិញ​ថាមិនអាចចូលរួម​បោះបង់ក្រុមហ៊ុនហួវៃរបស់ចិននោះឡើយ​។ រដ្ឋាភិបាលជប៉ុន​នឹងមាន​វិធានការទប់ស្កាត់ប្រសិនបើរកឃើញមានករណីគំរាមកំហែងដល់សន្តិសុខជាតិ។
កាលពីខែសីហា​កន្លងមក ក្រសួងការបរទេសអាមេរិក​បានអំពាវនាវដល់ជប៉ុនឲ្យបោះបង់បច្ចេកវិទ្យា ទូរគមនាគម៍របស់ចិន ពិសេសគឺបច្ចេកវិទ្យា​សេវាអត់ខ្សែជំនាន់ទី​5G ។
ជាមួយគ្នានោះដែរ​ កូរ៉េខាងត្បូង​បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងនៅតែបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ហួវៃរបស់ចិនដដែល ។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនជ្រៀតជ្រែក ចូលកិច្ចការក្រុមហ៊ុនឯកជននោះឡើយ។
កាលពីថ្ងៃទី​២៨ខែកក្កដាកន្លងមក​ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី​Kang Kyung-wha បានប្រកាសថា​កូរ៉េខាងត្បូង​នៅតែរក្សា​សន្តិសុខរបស់ខ្លួនបានល្អ​ ក្នុងវិស័យបច្ចេកវិទ្យា​។
មិនថាជប៉ុនឬកូរ៉េខាងត្បូងនោះឡើយ ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក៏នៅតែបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន​ហួវៃ ដដែល​ មិនអាចអនុវត្តតាម​អាមេរិក បោះបង់ក្រុមហ៊ុនហួវៃ បានឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖