ខេត្តត្បូងឃ្មុំ ៖ ពិតជាអាណិតខ្លោចចិត្តណាស់ចំពោះម្តាយនិងកូនធ្វេីដំណេីរជាមួយគ្នាតាមម៉ូតូមួយគ្រឿងត្រូវអ្នកបេីកបររថយន្តបេីកលឿនធ្វេសប្រហែសបុកពីក្រោយបណ្តាលឱ្យម្តាយរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯកូនស្រីស្លាប់នៅនឹងកន្លែងកេីតហេតុ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៤:១០នាទីរសៀល លើផ្លូវជាតិលេខ១១ ស្ថិតនៅភូមិ៧៣ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រវាងរថយន្ត នឹងម៉ូតូ ក្នុងដំណើរទិសដៅស្របគ្នាពីជើងទៅត្បូង។
គ្រោះថា្នក់ចរាចរណ៍នេះសមត្ថកិច្ចមិនស្គាល់រថយន្តម៉ាកអ្វីទេ ឯអ្នកបើកបរក៏គេមិនស្គាល់អត្តសញ្ញាណដែរ ប៉ុន្តែករណីនេះបង្កជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ (០១៥) ពាក់ស្លាកលេខត្បូងឃ្មុំ 1C-3799 បើកបរដោយឈ្មោះ ធួន សាម៉ៃ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឌុបកូនឈ្មោះ យិន ស្រីកា ភេទស្រីអាយុ ១៤ឆ្នាំជាតិខ្មែរ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើរ (កូន) ស្លាប់នៅនៅកន្លែងកើតហេតុ ។
តាមរយៈការធ្វេីកំណត់ហេតុឱ្យដឹងថា រថយន្តបើកពីទិសខាងជើង ទៅទិសខាងត្បូង ប្រើប្រាស់ល្បឿនលឿន ។ លុះធ្វេីដំណេីរមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូពីក្រោយតែម្ដង។
សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ រីឯសពកូនស្រីបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖វណ្ណៈ