អន្តរជាតិ៖ អំឡុងទស្សនកិច្ចរបស់លោក យូស៊ីហ៊ីដេ ស៊ូហ្កា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ទៅកាន់ប្រទេសវៀតណាម បានយល់ព្រមពង្រឹងចំណងសេដ្ឋកិច្ចនិងសន្តិសុខ រវាងរដ្ឋាភិបាលជប៉ុន និងវៀតណាម។ មិនតែប៉ុណ្ណោះប្រទេសទាំងពីរ ក៏បានឈានដល់ការសម្រេចកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យជប៉ុននាំចេញសម្ភារនិងបច្ចេកវិទ្យាយោធាទៅកាន់វៀតណាម។
ជាក់ស្តែង ក្រោយជំនួបជាមួយសមភាគីវៀតណាម ង្វៀន ស៊ួនហ្វុក ក្នុងទីក្រុង ហាណូយនៅថ្ងៃទី១៩ ខែតុលា នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ូហ្កាបានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «វាជាជំហានដ៏ធំមួយក្នុងវិស័យការពារសម្រាប់ប្រទេសទាំងពីរ ដែលយើងបានឈានដល់សម្រេចកិច្ចព្រមព្រៀងលើការផ្ទេរសម្ភារនិងបច្ចេកវិទ្យាយោធា»។ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានបញ្ជាក់ទៀតថា វៀតណាម ដែលធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះ គឺជាកូនសោរលើកកម្ពស់យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដែលដឹកនាំដោយក្រុងតូក្យូ ។
ជាមូយគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក ក៏បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានជាមួយលោក ស៊ូហ្កា ថា៖ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងលើសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងហោះហើរក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី។ លោក ង្វៀន ស៊ួនហ្វុក បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍ជប៉ុនធ្វើជាមហាអំណាចសកល ដើម្បីបន្តរួមចំណែកយ៉ាងសកម្មសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍភាពសកលនិងតំបន់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
សូមជម្រាបថា លោក ស៊ូហ្កា ដែលទើបនិងកាន់តំណែងបន្តពីលោក អាបេស៊ិនហ្សូ កាលពីខែមុននេះ ខណៈកំពុងធ្វើទស្សនកិច្ចនៅបរទេសលើកទី១ក្នុងសប្ដាហ៍នេះចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែតុលា ក្នុងប្រទេសវៀតណាម និងឥណ្ឌូណេស៊ី។ ដោយទស្សនកិច្ចរបស់លោក ស៊ូហ្កាបានធ្វើឡើងស្របពេលដែលជប៉ុនកំពុងសម្លឹងធ្វើពិពិធកម្មច្រវាក់ផ្គត់ផ្គង់ខ្លួននិងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដោយនាំយកផលិតកម្មទាំងនោះមកដាក់ក្នុងស្រុកវិញ ឬងាកទៅរកបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយវៀតណាម គឺជាជម្រើសដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនជប៉ុន។
ក្នុងសន្និសីទព័ត៌មានដដែល លោក ស៊ូហ្កា អះអាងថា ប្រទេសទាំងពីរបានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការពួកគេ ក្នុងគោលដៅបន្ធូរបន្ថយផលប៉ះពាល់បង្កដោយជំងឺរាតត្បាតសកលកូវីដ-១៩។ លោកនិយាយដូច្នេះថា៖«យើងបានព្រមបើកឡើងវិញការធ្វើដំណើរធុរកិច្ចក៏ដូចជាជើងហោះហើរសម្រាប់អ្នកដំណើររវាងប្រទេសទាំងពីរថ្ងៃនេះ»។
បើតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនវិញ បានបញ្ជាក់ថាបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីជប៉ុនន ចាក់ចេញពីប្រទេសវៀតណាម លោកនឹងបន្តទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២០ ខែតុលា ដើម្បីជួបពិភាក្សាជាមួយប្រធាធិបតី ចូកូ វីដូដូ ដើម្បីជជែកការបើកដំណើរការឡើងវិញនូវការធ្វើដំណើររវាងជប៉ុននិងឥណ្ឌូណេស៊ី ដែលផ្អាកដោយវិបត្តិកូវីឌ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវដែក និងកំពង់ផែជាដើម៕ដោយ៖ស តារា