ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថៃសម្រេចស្នើសភាបើកកិច្ចប្រជុំនៅថ្ងៃទី​២៦-២៧ ខែតុលា

ចែករំលែក៖

នៅថ្ងៃទី​២០​ខែតុលា គណៈរដ្ឋមន្ត្រីថៃ បាន​បើកកិច្ចប្រជុំដោយបានសម្រេចស្នើរដ្ឋសភាកោះប្រជុំជាបន្ទាន់ រយៈពេល​២ថ្ងៃ​គឺនៅថ្ងៃទី​២៦-២៧ខែតុលាឆ្នាំ​២០២០ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ក្រោយពីមានបាតុកម្មជាច្រើនកើតឡើង ។
បច្ចុប្បន្នរដ្ឋាភិបាលថៃ បានប្រកាសអាសន្នក្នុងទីក្រុងបាងកកដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម​ដដែលមិនខ្វល់ពីច្បាប់​ហាមប្រាមនោះឡើយ​។ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ​កន្លងមកបានប្រកាសពីគោលជំហររបស់រដ្ឋាភិបាលការពារព្រះមហាក្សត្រនិងរបបរាជានិយម​។

លោកក៏បានស្នើដល់ក្រុមបាតុករ មិនត្រូវបង្កឲ្យមានអំពើហិង្សា​នោះឡើយ​។
តាមរូបភាពវីដេអូ ដែលបានបង្ហោះនៅលើគេហទំព័រ​ Vnewsនាថ្ងៃទី​២០ខែតុលា ក្រុមបាតុករ​បានធ្វើបាតុកម្មទាំងកណ្តាលភ្លៀងធ្លាក់ខ្លាំង ហើយបាតុករទាំងអស់បាន​ពាក់អាវភ្លៀងការពារទទឹកដើម្បីបន្តធ្វើបាតុកម្ម។
កន្លងមក សារព័ត៌មាន The Nation បានផ្សាយថា កាលពីថ្ងៃ ទី១៩ ខែតុលា ក្រុមគ្រូពេទ្យបានចេញ​សេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការប្រើបូលិស​បំបែកការ​ប្រមូលផ្តុំ កាលពីថ្ងៃសុក្រ (១៦ តុលា) ខណៈដែលប៉ូលិសបានប្រើរថយន្ដ​ពន្លត់អគ្គិភ័យបង្រ្កាបទៅលើក្រុមអ្នកតវ៉ានៅទីលាន Pathumwan ជាចំណុចផ្លូវប្រសព្វ បិទរថយន្ដសង្គ្រោះបន្ទាន់ ចំពេលកំពុងដឹក​អ្នករងគ្រោះថ្នាក់។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមគ្រូពេទ្យនោះ បានបញ្ជាក់ថា បុគ្គលិក​ពេទ្យត្រូវតែព្យាបាលមនុស្សគ្រប់គ្នាទាំងអស់ដោយគ្មានការរើសអើង ក្រោមកាលៈទេសៈណាមួយ ហើយការពារសិទ្ធិ និងលក្ខណៈឯកជន​របស់​អ្នកជំងឺទាំងអស់។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យទាមទារឱ្យអាជ្ញាធរអនុវត្ត តាមបទបញ្ជាអន្តរជាតិ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ប្រឆាំង​នឹង​ក្រុម​អ្នកតវ៉ាដោយសន្តិវិធី ហើយធានាថា មន្ទីរពេទ្យជាទីតាំងមាន​សុវត្ថិភាព និងអព្យាក្រឹត សម្រាប់ជនរងគ្រោះទាំងអស់៕ដោយ៖ធី រីណា


ចែករំលែក៖