ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំង អាមេរិក ជប៉ុន អូស្ត្រាលី ធ្វើសមយុទ្ធរួមនៅសមុទ្រចិនខាងត្បូង

ចែករំលែក៖

កងពលលេខ​៧ នៃកម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា នាវាចម្បាំង នាវាផ្ទុកយន្តហោះបានចូលរួមធ្វើសមយុទ្ធរួម ជាមួយ ទាហានជើងទឹកជប៉ុន និង អូស្ត្រាលី​នៅសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី​១៩ខែតុលា​។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី​២០ខែតុលា កងពលលេខ​៧នៃកម្លាំងទាហានជើងទឹកអាមេរិក ដែលមាននាវា USS John S. McCain និង នាវាចម្បាំង Arleigh Burke បំពាក់មីស៊ីលឆ្លងទ្វីប នាំផ្លូវ ក្នុងសកម្មភាពធ្វើសមយុទ្ធ​។
ចំណែកម្លាំងទាហានការពារជប៉ុន (JMSDF) បានបញ្ជូននាវាចម្បាំងប្រភេទMurasame JS Kirisame ​ទៅចូលរួម ។ ដោយឡែកប្រទេសអូស្ត្រាលីវិញ បានបញ្ជូននាវាចម្បាំងAnzac HMAS Arunta ទៅចូលរួមក្នុងសកម្មភាពធ្វើសមយុទ្ធទាហានជើងទឹកត្រីភាគី ។
នេះមិនមែនជាការធ្វើសមយុទ្ធលើកទីមួយនោះឡើយ សមយុទ្ធលើកនេះគឺជាលើកទី​៥ហើយ រវាងប្រទេសទាំងបី។ គោលដៅនៃការធ្វើសមយុទ្ធត្រីភាគីដើម្បីរក្សាការទំនាក់ទំនង​សម្ព័ន្ធមិត្ត​ក្នុងការធានាដល់សេរីភាពចរាចរណ៍នៅដែនសមុទ្រ​។
បន្ទាប់ពីការធ្វើសមយុទ្ធត្រីភាគី នៅសមុទ្រចិនខាងត្បូង​ កម្លាំងទាហានជើងទឹកប្រទេសទាំងបី នឹងបន្តចូលរួមធ្វើសមយុទ្ធ ចតុភាគី ដោយមានកម្លាំងទាហានជើងទឹកឥណ្ឌា​ចូលរួមផងដែរ។

សមយុទ្ធចតុភាគីមានឈ្មោះថា Malabar 2020 នឹងធ្វើឡើងនៅឈូងសមុទ្រBengal និងសមុទ្រអារ៉ាប់​ដោយមានកម្លាំងទាហានជើងទឹកប្រទេសទាំង៤ចូលរួម៕ដោយ៖ធី រីណា


ចែករំលែក៖