អន្តរជាតិ៖ បន្ទាប់ពីអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅវៀតណាមឡើងដល់ ១០៥នាក់ហើយ ដោយសារឥទ្ធិពលព្យុះមុនៗ។ពេលនេះអាជ្ញាធរប្រទេសវៀតណាម និងហ្វីលីពីន កំពុងត្រៀមលក្ខណៈទទួលឥទ្ធិពលព្យុះ «សូដែល» ដែលអាចបង្កទឹកជំនន់និងបាក់ដីក្នុងប្រទេសទាំងពីរនេះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP និយាយថា ក្រុមជួយសង្គ្រោះ និងមន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយក្នុងប្រទេសហ្វីលីពីនកំពុងឈរប្រចាំការជានិច្ច ហើយក៏ត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ ដើម្បីរង់ចាំការមកដល់នៃព្យុះ «សូដែល» មកលើកោះ Luzon ។រដ្ឋធានី ម៉ានីល របស់ហ្វីលីពីន ស្ថិតលើកោះ Luzon នេះ ។ ខណៈភ្លៀងធ្លាក់មិនឈប់ ក៏បានបង្កឲ្យមានការបាក់ដីខ្លះ នៅថ្ងៃទី ២០ ខែតុលាដែលរាំងខ្ទប់ផ្លូវជាតិមួយចំនួនក្នុងប្រទេសហ្វីលីពីនផងដែរ។
ដោយឡែក បើតាមការព្យាកររបស់ទីភ្នាក់ងារធាតុអាកាសវៀតណាម បានបញ្ជាក់ថា ព្យុះសូដែលមួយនេះ នឹងមកដល់តំបន់ភាគកណ្ដាលខ្លួន នៅថ្ងៃទី២៤ ខែតុលា ខាងមុខនេះ ដែលនឹងនាំយកភ្លៀងធ្លាក់ខ្លាំង ហើយបង្កឲ្យគ្រោះទឹកជំនន់កាន់តែអាក្រក់។
សូមជម្រាបថា ហេតុការណ៍ជំនន់ទឹកភ្លៀង និងបាក់ដី ក្នុងអំឡុងខែតុលានេះបានសម្លាប់មនុស្សយ៉ាងតិច ១០៥នាក់ ហើយក្នុងតំបន់ភាគកណ្ដាលនៃប្រទេសវៀតណាម ក្នុងនោះប្រមាណ១ភាគ៣គឺជាទាហានដែលចេញប្រតិបត្តិការសង្គ្រោះ និងការបាក់ដីចំបន្ទាយ។ ចំណែកឯមនុស្ស១៥នាក់ជាកម្មករសំណង់ នៅបាត់ខ្លួនក្រោយត្រូវកប់ក្រោមដីដែលបាក់ស្រុតដោយសារទឹកភ្លៀង កាលពីសប្ដាហ៍មុន។
ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលវៀតណាម បានបង្ហាញថា ក្រៅពីអ្នកស្លាប់និងបាត់ខ្លួន ផ្ទះសម្បែងយ៉ាងតិច១៧៨ ០០ខ្នង និងដំណាំជិត៧ពាន់ហិកតាត្រូវបានជន់លិចខ្ទេចខ្ទី ខណៈសត្វចិញ្ចឹម៧០ម៉ឺនក្បាលបានងាប់ក្នុងគ្រោះទឹកជំនន់នេះ។
បើតាមទូរទស្សន៍រដ្ឋរបស់វៀតណាម ក៏បានបង្ហាញដែរថា មនុស្សអង្គុយលើដំបូលផ្ទះ រង់ចាំជំនួយពីក្រុមសង្គ្រោះក្នុងខេត្ត Quang Binh ទីដែលទឹកជំនន់បិទខ្ទប់ផ្លូវធ្វើដំណើរ និងកាត់ផ្ដាច់អគ្គិសនី។ ខណៈស្ត្រីវ័យចំណាស់ម្នាក់ បានប្រាប់ទូរទស្សន៍ VTV វៀតណាមពីលើដំបូងផ្ទះអ្នកស្រីថា៖«ខ្ញុំអត់មានអីហូបតាំងពីម្សិលមិញ។ យើងគ្មានស្បៀង គ្មានទូរសព្ទនោះទេ»៕
ដោយ៖ស តារា