ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកហាយឡេនឌ័រក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ ឯរថយន្តហោះរំលងឆ្លងផ្លូវទៅម្ខាងទៀតក្រឡាប់ជាច្រើនត្រឡប់ ផ្អើលសន្តិសុខក្នុងបឹងកក់ចុះមកជួយក្រឡាប់ផ្ងាររថយន្តមកវិញ តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR5 កែងនឹងផ្លូវR11 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហាយឡេនឌ័រ ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AF-6681ធ្វើដំណើរតាមបណ្ដោយផ្លូវR5 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតខាងលើកែងនឹងផ្លូវR11 ជាផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ ឯរថយន្តហោះរំលងឆ្លងទៅផ្លូវម្ខាងទៀត ក្រឡាប់ជាច្រើនជុំ ផ្អើលដល់សន្តិសុខយាមនៅក្នុងបឹងកក់ ចុះមកជួយលើករថយន្តក្រឡាប់ផ្ងារមកវិញ ហើយសំណាងល្អដែរដែលអ្នកបើកបរនិងអ្នករួមដំណើរមិនរងរបួស។
ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានធ្វើការសម្រុះសម្រួលគ្នាជាមួយខាងក្រុមហ៊ុននៅក្នុងបឹងកក់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ៖ ភារ៉ា ដង្កោ