ខេត្តព្រះសីហនុ៖ ករណីផ្ទុះអាវុធនៅក្រុងព្រះសីហនុកាលពីវេលារំលងអធ្រាត្រឆ្លងចូលថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០នោះ សមត្ថកិច្ចបានអះអាងថា ជាករណី ប៉ុនប៉ងមនុស្សឃាត ក្នុងនោះក្រុមជនល្មើសប្រើកាំភ្លើងខ្លីបាញ់រះបណ្តាលឲ្យមនុស្ស២នាក់រងរបួស បង្កឡើងដោយជនជាតិចិនបាញ់ទៅលើជនរងគ្រោះជាជនជាតិចិនដូចគ្នា។
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណី នេះ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវរហូតកំណត់ មុខសញ្ញាបាននិងឃាត់ខ្លួនបានជនសង្ស័យជាប់ពាក់ព័ន្ធចំនួន៤នាក់ ។ ចំណែកជនរងគ្រោះ២នាក់ត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចបញ្ជាក់ថា ជនល្មេីសបានជិះ រថយន្ត ហាំមើ ពាក់ស្លាកលេខ 2BI-7260 ភ្នំពេញ បានបាញ់រះដោយកាំភ្លើងខ្លីចូលហាងចាក់សាក់មួយកន្លែងស្ថិតនៅចំណុចមហោស្រពចាស់ ក្នុងក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យរបួសបុរសជនជាតិចិន២នាក់ (ម្នាក់របួសដៃ និងម្នាក់ទៀតរបួសជើង)។
វត្ថុតាងដកហូតបានរួមមាន ៖
-កាំភ្លើងខ្លី១ដើម ម៉ាកCZ-75 (លេខរលុប),បង់១ និងគ្រាប់កាំភ្លើងចំនួន២០គ្រាប់ ។
– សំបកកាទុស ១០សំបក
– រថយន្ដ ហាំមើរ ពាក់ស្លាកលេខ 2BI-7260 ភ្នំពេញ១គ្រឿង ។
ចំពោះកាំភ្លើងខ្លី១ដើមម៉ាក CZ-75 (លេខរលុប) ដែលជនសង្ស័យយកមកធ្វើសកម្មភាពនោះ គឺជនសង្ស័យបានសារភាពប្រាប់នគរបាលថា បានទិញពីបុរសជនជាតិខ្មែរម្នាក់មិនស្គាល់អត្តសញ្ញាណ(នគរបាលកំពុងស្រាវជ្រាវរក) ក្នុងតម្លៃ ២,៨០០$ (ពីរពាន់ប្រាំបីរយដុល្លារអាមេរិក) ។
ចំណែកជនរងគ្រោះទាំង២នាក់៖
១-ឈ្មោះ CHANG JINLONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EE2471751 មុខរបរ បើកហាងចាក់សាក់ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវដើមដៃខាងឆ្វេង១គ្រាប់(ធ្លាយ)។
២-ឈ្មោះ CHA YON BING ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន កាន់ លិខិតឆ្លងដែន(យកទៅបន្តវីសា) មុខរបរបើកហាងលក់ស្លឹកតែ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវប្រអប់ជើងខាងឆ្វេង១គ្រាប់(ចំបញ្ឆិត)។
ជនសង្ស័យទាំង៤នាក់៖
១-ឈ្មោះ HUANG XIAO HU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។
២-ឈ្មោះ QIAN SHI CAI ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។
៣-ឈ្មោះ CHENG YOU WEN ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរប្តូរប្រាក់ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។
៤-ឈ្មោះ YIN YA GIANG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកកាស៊ីណូ ហាវឆឹង ផ្នែកសេវាកម្មបម្រើអតិថិជន ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ករណីនេះកើតឡើងដោយសារជនសង្ស័យឈ្មោះ HUANG XIAO HU បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធដែលជាប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ CHANG JINLONG ដោយប្រពន្ធរបស់ជនសង្ស័យខឹងខ្លាំងពេក ក៏បានអារដៃខ្លួនឯងបណ្តាលឲ្យរងរបួស។ បន្ទាប់ពីដឹងរឿងនេះ ជនរងគ្រោះឈ្មោះ CHANG JINLONG បានទៅមើលប្អូនស្រីរបស់ខ្លួនដែលកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យថៃខាង ។ ពេលនៅក្នុងមន្ទីរពេទ្យ ជនសង្ស័យឈ្មោះ HUANG XIAO HU មិនបានទៅមើលប្រពន្ធទេ ដោយទុកឱ្យបក្ខពួក២នាក់:(១-ឈ្មោះ QIAN SHI CAI , ២-ឈ្មោះ CHENG YOU WEN ) នៅមើលជំនួស ពេលនោះជនរងគ្រោះបានសួរនាំ ហេតុអ្វីមិនឃើញជនសង្ស័យឈ្មោះ HUANG XIAO HU មកមើលប្រពន្ធដែលកំពុងសម្រាកនៅមន្ទីរពេទ្យ? បន្ទាប់មកក៏មានមិត្តភក្តិរបស់ជនរងគ្រោះបានដេញវាយ និងប្រើកាំបិតដេញកាប់ ទៅលើបក្ខពួករបស់ជនសង្ស័យ២នាក់នោះ តែពួកគេទាំង២នាក់បានរត់គេចខ្លួនទាន់ ហើយក៏បើករថយន្ត១គ្រឿងម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7260 ចេញទៅរកជនសង្ស័យឈ្មោះ HUANG XIAO HU និងជនសង្ស័យឈ្មោះ YIN YA GIANG ដោយពួកគេបានប្រាប់ពីរឿងត្រូវបានមិត្តភក្តិរបស់ជនរងគ្រោះដេញវាយនិងកាប់ ហើយជនសង្ស័យទាំង៤នាក់ក៏បានបើករថយន្ត ម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7260 ទៅហាងចាក់សាក់របស់ជនរងគ្រោះ នៅមហោស្រពចាស់។ ពេលទៅដល់ជនសង្ស័យទាំង៤នាក់បានចុះពីរថយន្ត និងគោះទ្វារហាងរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះមិនព្រមបើកទ្វារឡើយ ធ្វើឱ្យជនសង្ស័យឈ្មោះ HUANG XIAO HUខឹងក៏បានដកកាំភ្លើងខ្លី១ដើម ម៉ាក CZ-75 បាញ់រះចូលទៅក្នុងហាងរបស់ជនរងគ្រោះចំនួន១០គ្រាប់ បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ត្រូវគ្រាប់កាំភ្លើងម្នាក់មួយគ្រាប់ ។
បច្ចុប្បន្ន ជនល្មេីស និងវត្ថុតាង សមត្ថកិច្ចកំពុងសាកសួរបន្តតាមនិីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តព្រះ សីហនុ ចាត់ការតាមច្បាប់ ៕ឆ្លាម សមុទ្រ