គិតមកដល់ល្ងាចថ្ងៃទី២២ ខែតុលា មានពលរដ្ឋអាមេរិកដល់ទៅ ៣៤លាននាក់បាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ តាមរយៈប្រៃសណីយ៍ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។
បើទោះបីការបោះឆ្នោតនៅសល់រយៈពេលជាងមួយសប្តាហ៍ទៀតក្តី ប៉ុន្តែសន្លឹកឆ្នោតត្រូវបានពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់កើនឡើងខ្ពស់បំផុត ស្មើនឹង៩០ភាគរយនៃការបោះឆ្នោតមុនពេលកំណត់កាលពីឆ្នាំ២០១៦។ នៅមិនដល់រយៈពេល១០ថ្ងៃទៀតទេដល់ការបោះឆ្នោត ដូច្នេះរយៈពេលនេះនឹងមានពលរដ្ឋអាមេរិកជាច្រើនទៀតទៅបោះឆ្នោត ក្លាយទៅជាប្រវត្តិសាស្ត្ររបស់អាមេរិកពីចំនួនអ្នកបោះឆ្នោតមុនពេលកំណត់។
សារព័ត៌មាន The Washington Post បានផ្សាយថា រដ្ឋមួយចំនួននៅតំបន់ភាគខាងត្បូងនិងភាគ ឦសានអាមេរិក ដូចជា រដ្ឋ Alabama, Mississippi និង Virginia មានចំនួនអ្នកទៅបោះឆ្នោតមុនពេលកំណត់ខ្ពស់ជាងកាលពីឆ្នាំ២០១៦។
ជាមួយគ្នានេះដែរតាមតួលេខរបស់ U.S. Elections Project បានឲ្យដឹងថា គិតមកដល់ល្ងាចថ្ងៃទី២២ខែតុលា មានចំនួនពលរដ្ឋនាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ដល់ទៅ ៤៨,៥លាននាក់ស្មើ ៣៤,៥ភាគរយនៃចំនួនសន្លឹកឆ្នោតបោះកាលពីឆ្នាំ២០១៦។
នៅរដ្ឋតិចសាស់ មានពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់ច្រើនជាងគេបំផុត រហូតដល់ទៅ៥,៩លានសន្លឹក បន្ទាប់មកគឺរដ្ឋកាលីហ្វ័រនីញ៉ា មានពលរដ្ឋទៅបោះឆ្នោត៥,១លាននាក់ និងរដ្ឋផ្លរីដាមាន៤,២លាននាក់។ ក្រៅពីនេះនៅមានរដ្ឋ១៤ផ្សេងទៀតដែលមានពលរដ្ឋជាង១លាននាក់ក្នុងរដ្ឋនីមួយៗ ទៅបោះឆ្នោតមុនកំណត់៕ដោយ៖ធី រីណា