ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ​ន បន្តនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ចំនួន១,៣៨២គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលជាមាតាមនុស្សធម៌តែងតែជួយសម្រាលទុក្ខលំបាកជាមួយប្រជាពលរដ្ឋ នោះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជេីញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ចំនួន ១,៣៨២គ្រួសារ។ ពិធីអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនេះ បានធ្វើឡើងនៅទីទួលមានសុវត្ថិភាពមួយស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានមានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី៦ដប ទឹកបរិសុទ្ធ១កេស ឃីត(សារុង ក្រមា ភួយ មុង អាវយឺត២)។
បន្ទាប់ពីអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រួចមក សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដដំណើរដោយនាំយកនូវទេយ្យទានប្រគេនព្រះសង្ឃដែលគង់នៅវត្ដកំពែង។

ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ ដោយនាំយកនូវទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្ដកំពែង រួមមាន៖ អង្ករ២០០គីឡូក្រាម មី១០កេស ត្រីខ៤កេស ត្រីងៀត១០គីឡូក្រាម សាច់ក្រក១០គីឡូក្រាម ស្ករស១០គីឡូក្រាមទឹកដោះគោខាប់២កេស អូវ៉ាន់ទីន២កេស តែ១០គ.ក្រ. ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស និងបច្ច័យ៣,០០០,០០០រៀល។

ក្នុងនោះប្រគេនព្រះចៅអធិការវត្តនូវ បច្ច័យ៥០ម៉ឺនរៀល ប្រគេនព្រះសង្ឃ១៩អង្គ ក្នុង១អង្គៗ បច្ច័យ២០ម៉ឺនរៀល ជូនគណៈកម្មការវត្ត២១នាក់ តាជីយាយជី២០នាក់ ក្នុងម្នាក់ៗថវិកា៥០,០០០រៀល និងកំណាត់ស១ដុំ រួមជាមួយថវិកា ១០,០០០រៀល ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកូនសិស្សបម្រើព្រះសង្ឃ៤នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល៕ដោយ៖ស តារា


ចែករំលែក៖