ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនអំណោយដល់ជនរងគ្រោះទឹកជំនន់ចំនួន ១.២៥០គ្រួសារ រស់នៅក្នុងសង្កាត់​ចំនួន៦​

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី​ ២៥​ ខែតុលា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូ​ រួមជាមួយសប្បុរសជាច្រេីន រូប​ បន្តអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយទឹកជំនន់ចំនួន ១.២៥០គ្រួសារ រស់នៅក្នុងសង្កាត់​ចំនួន៦​ (ក្នុងចំណោមសង្កាត់ទាំង​ ៨) នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំព្រះរាជបន្ទូលរបស់​ ព្រះករុណា​ ព្រះមហាក្សត្រ​ និង​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់​ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយយ៉ាងក្រៃលែង​ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡេីងដោយការប្រែប្រួលអាកាសធាតុ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចផ្ទាល់ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់​ និងមិនទុក​ប្រជាពលរដ្ឋណាម្នាក់ចោលឡេីយ។ 

សូមបញ្ជាក់ថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹកសុទ្ធអរុណា​ ១កេស​ ឃីត​ ១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២)​ នំប៉័ងផ្អែម​ ១នំ​ និងទឹកបរិសុទ្ធ​ ១ដប។ 

សូមជម្រាបជូនថា​ ក្នុងរាជធានីភ្នំពេញមានខណ្ឌ៤ លើខណ្ឌ១៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​ ក្នុងនោះមាន​ផ្ទះចំនួន ១០.៨៨៣ខ្នង រងផលប៉ះពាល់ និងមានអ្នករងគ្រោះសរុបចំនួន ១០.៨២៥គ្រួសារ។​ ខណ្ឌរងគ្រោះទាំង៤ មានខណ្ឌដង្កោ ៥.៥៨៧គ្រួសារ​ ខណ្ឌពោធិ៍សែនជ័យ ៣.១៨១គ្រួសារ​ ខណ្ឌច្បារអំពៅ ១.៦៧២គ្រួសារ​ និងខណ្ឌកំបូល ៣៨៥គ្រួសារ​៕

ដោយ៖ សិលា


ចែករំលែក៖