ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ម៉ែត្របានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្បែរម៉ូតូទាំងក្បាលសុទ្ធតែឈាម ចំណែកម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខ។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុប្រជាជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងហ្នឹងហើយបានប្រទះឃើញបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែល៣០ឆ្នាំជាងដេកស្លាប់ក្បែរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4819ទាំងក្បាលសាកសពមានឈាម។ចំណែកម៉ូតូជនរងគ្រោះខ្ទេចមួយកំណាត់មុខទាំងស្រុង។ ឃើញបែបនេះអ្នកដំណើរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចុះមកដល់កន្លែងកើតហេតុ។ក្រោយពេលពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាអាចជាករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកលឿនហើយបុករថយន្តពីក្រោយបណ្ដាលឲ្យដួលបោកក្បាលស្លាប់តែម្ដង។ចំពោះសពសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តដឹកសាកសពបុរសខាងលើយកទៅដាក់វត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកករណីខាងលើនេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត៕
ដោយ៖ផេង ភាព