ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបើកបវេសនកាលនិស្សិតអាហារូបករណ៍ ស សុខា សិក្សានៅសាកលវិទ្យាល័យ ថុង យិន ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី HANG HUI អនុប្រធានមន្ទីរអប់រំ និងជាសមាជិកបក្សមន្ទីរអប់រំ ខេត្តកួយចូវ ចូលរួមពិធី “បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ របស់និស្សិតអាហារូបករណ៍ ស សុខា សិក្សានៅសាកលវិទ្យាល័យ ថុង យិន “ នៃសាធារណរដ្ឋប្រជាមានិតចិន តាមកម្មវិធី Zoom ។

ថ្ងៃនេះគឺជាលើកទី១ ហើយ ដែលក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជូនប្អូនៗនិស្សិត ចំនួន ១៩នាក់ ទៅបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ ថុង យិន និងជាលើកទី៤ ផងដែរ ដែលក្រុមការងារអាហារូបករណ៍ ស សុខា បានបញ្ជូនប្អូនៗនិស្សិត ដែលមានសមត្ថភាពគ្រប់គ្រាន់ ដោយឆ្លងកាត់ការប្រកួតប្រជែង ទៅសិក្សានៅប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោកមួយនេះ និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឬជាមិត្តដែកថែបរបស់កម្ពុជា ដែលជានិច្ចកាលប្រទេសមហាមិត្តចិន តែងយកចិត្តទុកដាក់ និងគាំទ្រចំពោះប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ ទាំងវិស័យសេដ្ឋកិច្ច វប្បធម៌ ការទូត និងការពារជាតិ ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ កំណត់យក «មនុស្ស» ជាអាទិភាពទី១ គឺផ្តោតទៅលើការអភិវឌ្ឍ «ធនធានមនុស្ស» ដែលបានមកពីការបណ្តុះបណ្តាលគ្រប់កម្រិតសិក្សា ដើម្បីជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ការអភិវឌ្ឍធនធានមនុស្ស សំដៅលើការពង្រឹងគុណភាពវិស័យអប់រំ និងការលើកកម្ពស់នូវចំណេះដឹង ជំនាញ វិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវខ្ពស់ ។ល។ និង ។ល។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលដៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំ ប្រកបដោយគុណភាព សីលធម៌ និងបរិយាបន្ន គឺផ្តោតជាសំខាន់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតម្រង់ទិសសម្រាប់ទីផ្សារការងារ។ ជាលទ្ធផលយើងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន អត្រាអ្នកចូលរៀននៅគ្រប់កម្រិតសិក្សា ការលើកកម្ពស់គុណភាពអប់រំ ការលើកតម្លៃ នៃការអប់រំ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ ដោយបញ្ចូលមុខវិជ្ជា STEM ក្នុងកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ការរៀបចំសាលាជំនាន់ថ្មី ការកែទម្រង់ឧត្តមសិក្សា ។ល។

ដោយ៖ សិលា


ចែករំលែក៖