ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៦ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមព្រះបរមរាជានុញ្ញាត​ធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រ​សើរ និងសូម​លើកហត្ថទាំង​ទ្វេ​ប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​ មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី​ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និងដួង​ព្រះវិញ្ញានក្ខន្ធ ព្រះបរមរតន​កោដ្ឋ សូម​តាមបីបាច់​ថែរក្សា​ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រ​សើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ទ្រង់មាន​ព្រះរាជសុខភាពបរិបូរ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាស​វៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់​ប្រថាប់ក្នុង​ព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់​ពោធិសម្ភារស​ម្រាប់អាណាប្រជារា​ស្ត្រ​ខ្មែរគ្រប់រូប និងសូម ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ទ្រង់​ប្រកប​ដោយព្រះពុទ្ធពរ​ទាំងបួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិ​យ្យោភាពត​រៀង​ទៅ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ គឺជាខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គ ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕

ដោយ៖សុខ ខេមរា


ចែករំលែក៖