ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ:លើអនីតិជននៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ក្នុងអំឡុងឆ្នាំ២០១៩កន្លងទៅនោះត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តចុះឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ការឃាត់ខ្លួនជនសង្ស័យនោះគឺមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដែលបានធ្វើឡើងកាលពីវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ខេត្តរតនគិរី។
សមត្ថកិច្ចបានឱ្យដឹងថា ការចុះឃាត់ខ្លួនជនសង្ស័យនោះដឹកនាំកម្លាំងដោយលោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកឧត្តមសេនីយ៍ទោ សុខ ងឺ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ចុះស្រាវជ្រាវករណីជនសង្ស័យម្នាក់នោះដែលបានចាប់រំលោភសេពសន្ថវ:លើអនីតិជន ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។
ជនសង្ស័យឈ្មោះ អ៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ៕ដោយ៖ ជីវ័ន្ត