សារព័ត៌មាន រ៉យទ័របានផ្សាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង នៅថ្ងៃទី៣០ខែតុលា បានប្រកាសថា អាចនឹងមានការវាយប្រហារជាថ្មីកើតឡើងបន្តទៀតនៅក្នុងទឹកដីបារាំង បង្កឡើងដោយក្រុមភេរវកម្មអ៊ិស្លាម ។ ការលើកឡើងខាងលើ ក្រោយពេលមានករណីវាយប្រហារដោយកាំបិតដល់ទៅពីរលើកក្នុងរយៈពេល២សប្តាហ៍កន្លងមក។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Damarnin ក្រោយពេលមានក្រុមជ្រុលនិយមអ៊ិស្លាមបានវាយប្រហារកាត់ក្បាលស្ត្រីម្នាក់និងមនុស្សពីរនាក់ទៀតនៅក្នុងព្រះវិហារមួយ នៅទីក្រុង Nice ។ ជនវាយប្រហារត្រូវបានប៉ូលិសបាញ់ឲ្យរបួសធ្ងន់ ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនវាយប្រហារនៅទីក្រុង Nice ជាជនជាតិទុយណេស៊ី កើតឆ្នាំ១៩៩៩ បានទៅដល់តំបន់អឺរ៉ុបនៅថ្ងៃទី២០ខែកញ្ញា នៅតំបន់ Lampedusa ដែលជាកោះមួយរបស់អុីតាលី ស្ថិតនៅតំបន់សមុទ្រប្រទេសទុយណេស៊ី ជាទីតាំង សម្រាប់ជនភៀសខ្លួនមកពីអាហ្វ្រិកភាគច្រើននៅទីនោះ។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Damarnin បន្តទៀតថា បារាំងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមប្រឆាំងសត្រូវក្នុងប្រទេស និងក្រៅប្រទេស។ លោកក៏បានព្រមានថា នឹងមានការវាយប្រហារជាថ្មីកើតឡើងនៅក្នុងទឹកដីបារាំង។ ដូច្នេះយើងត្រូវតែបង្កើនសកម្មភាព ការពារទប់ស្កាត់ការវាយប្រហារជាថ្មីយ៉ាងមានប្រសិទ្ធភាពបំផុត។
ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានដាក់ពង្រាយកម្លាំងទាហានការពារទីតាំងសំខាន់ ដូចជា ព្រះវិហារ សាលារៀន ជាដើម៕ដោយ៖ធី រីណា